បរទេស ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ របស់ថៃ លោក Phumtham Wechayachai នៅថ្ងៃចន្ទនេះ បានសម្តែងការសោកស្តាយ ចំពោះការវាយប្រហារដោយក្រុមបះបោរ នៅខេត្ត Narathiwat កាលពីចុងសប្តាហ៍ ប៉ុន្តែលោកបានប្តេជ្ញា បន្តការចរចាសន្តិភាព ទោះបីជាមានការសង្ស័យ លើសិទ្ធិអំណាច របស់អ្នកចរចា របស់បះបោរបច្ចុប្បន្នក៏ដោយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងផ្អែកតាមការលើកឡើងរបស់លោក Phumtham ថា ការវាយប្រហារដំណាលគ្នានៅក្នុងស្រុក Sungai Kolok កាលពីយប់ថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងរដ្ឋាភិបាលអំពីថា តើតំណាង Barisan Revolusi Nasional (BRN) ពិតជាមានអំណាច ក្នុងការចរចាក្នុងនាមក្រុមបះបោរ នៅតំបន់ភាគខាងត្បូង ដែរឬទេ។
ក្នុងនាមជារដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសន្តិសុខ លោក Phumtham បាននិយាយថា លោកធ្លាប់បានស្នើឱ្យក្រុមបះបោរ បញ្ចៀសការវាយប្រហារ ក្នុងអំឡុងខែដ៏វិសុទ្ធ នៃបុណ្យរ៉ាម៉ាដាន ជាកាយវិការនៃសុច្ឆន្ទៈ ដែលបង្ហាញថា អ្នកចរចារបស់ពួកគេពិត ជាមានសិទ្ធិអំណាចតំណាងពួកគេ។
លោក Phumtham បាននិយាយថា “ឥឡូវនេះ យើងត្រូវចោទសួរថា តើយើងអាចដោះស្រាយអំពើហិង្សា ភាគខាងត្បូងបានពិតប្រាកដ តាមរយៈការចរចាជាមួយតំណាងទាំងនេះដែរឬទេ? យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹង មិនបោះបង់ចោលការចរចាសន្តិភាពឡើយ។ ផ្ទុយទៅវិញ ខ្លួននឹងស្វែងរកការពិភាក្សាជាមួយភាគីជាច្រើន ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលតំណាង ឱ្យក្រុមបះបោរយ៉ាងពិតប្រាកដ។
លោក Phumtham បាននិយាយថា “យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងចង់ឱ្យពួកគេបញ្ឈប់ ការវាយប្រហារមួយរយៈ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត របស់ពួកគេចំពោះកិច្ចចរចាសន្តិភាព ប៉ុន្តែការវាយប្រហារ នៅតែកើតមានឡើង” ៕
ប្រែសម្រួលៈ ណៃ តុលា
