ព័ត៌មានអន្តរជាតិ

អ្នកជំនាញភូមិសាស្ត្រនយោបាយថា តុលាការ ICC ជាឧបករណ៍របស់លោកខាងលិច ក្រោយការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន

AFP

បរទេស៖ លោក Duane Dizon អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ បានប្រាប់សារព័ត៌មាន RT ថា ការស្វែងរក និងចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បង្ហាញថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មួយនេះ គឺជា “អាវុធនៃឥទ្ធិពលរបស់លោកខាងលិច” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Duterte អាយុ ៧៩ ឆ្នាំ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ ហើយត្រូវបានចាប់ខ្លួនដោយប៉ូលីសតាមបញ្ជាពីតុលាការ ICC ។ លោក Duterte ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់ពាក់ព័ន្ធទៅនឹង “សង្គ្រាមប្រឆាំងគ្រឿងញៀន” អំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី។

ថ្លែងទៅកាន់ RT លោក Dizon បាននិយាយថា សកម្មភាពរបស់ ICC គឺ “លើសពីការអះអាងអំពីភាពក្លៀវក្លាជាងការទទួលខុសត្រូវ”។

លោកបាននិយាយថា “ICC បានបង្ហាញយ៉ាងខ្ជាប់ខ្ជួននូវគំរូ នៃការកំណត់គោលដៅលើមេដឹកនាំមកពីប្រទេសកំពុងអភិវឌ្ឍន៍ ខណៈពេលដែលផ្តល់ឱ្យប្រទេសលោកខាងលិច នូវអំណាចដោយសេរី” ដើម្បីគ្រប់គ្រងបណ្តាប្រទេសណា ដែល “ទន់ខ្សោយ” ដោយលោក Dizon បន្ថែមថា នេះអាចជំរុញឱ្យមាន “ស្ថានការណ៍កាន់តែអាក្រក់” រវាងអាស៊ីអាគ្នេយ៍ និងលោកខាងលិច។

ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស បានថ្កោលទោសការចាប់ខ្លួននេះថា ខុសច្បាប់ ដោយចង្អុលបង្ហាញថា ហ្វីលីពីនបានដកខ្លួនចេញពី ICC ជាផ្លូវការហើយកាលពីឆ្នាំ ២០១៩ ក្រោមការណែនាំរបស់លោក Duterte ។

យ៉ាងណាក៏ដោយ តុលាការ ICC អះអាងថា ខ្លួនអាចរក្សាយុត្តាធិការលើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដែលអាចកើតឡើង ខណៈប្រទេសនេះជាហត្ថលេខីរបស់តុលាការ៕

ប្រែសម្រួលៈ ណៃ តុលា

To Top