
បរទេស ៖ ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃពុធថា ក្រុមបះបោរដែលបានវាយប្រហារលើរថភ្លើង ដឹកអ្នកដំណើរ ចំនួន ៤៤០នាក់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន បានសម្លាប់ចំណាប់ខ្មាំង ២១ នាក់ មុនពេលកងកម្លាំងសន្តិសុខបានសម្លាប់ អ្នកវាយប្រហារទាំង ៣៣ នាក់ ហើយអ្នកដំណើរផ្សេងទៀតទាំងអស់ ត្រូវបានជួយសង្គ្រោះ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា ក្រុមកងទ័ពរំដោះ Baloch ដែលជាក្រុមបំបែកខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយប្រតិបត្តិការយោធា «បានឈានដល់ការសន្និដ្ឋាន ប្រកបដោយជោគជ័យ»។
គាត់បាននិយាយថា គ្មានអ្នកដំណើរណាម្នាក់ ស្លាប់ដោយសារប្រតិបត្តិការនេះទេ ហើយបានសរសើរយោធាចំពោះ “ការបញ្ចៀសគ្រោះមហន្តរាយ ដែលអាចកើតមាន”។ លោក Sarfraz Bugti ប្រធានរដ្ឋមន្ត្រីខេត្តបានប្រាប់សភាខេត្តថា ទាហានបានសម្លាប់ក្រុមបះបោរទាំងអស់ដែលពាក់ព័ន្ធ។
អ្នកនាំពាក្យយោធា លោកឧត្តមសេនីយ Ahmad Sharif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ទាហានបីនាក់ ដែលបានយាមផ្លូវដែក ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅក្នុងខេត្ត Balochistan ដែលមានភាពស្ងប់ស្ងាត់ ៕
ប្រែសម្រួលៈ ណៃ តុលា
