បរទេស ៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានគំរាមឧត្តមសេនីយ៍ប៉ូលិស ជាមួយនឹងផ្លូវច្បាប់ បដិសេធមិនឲ្យផ្តិតមេដៃ និងប្រាប់អ្នកអនុវត្តច្បាប់ថា “អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ” នៅក្នុងការប្រឈមមុខដាក់គ្នា ដ៏តានតឹងមួយ បន្ទាប់ពីការចាប់ខ្លួន របស់លោកនៅទីក្រុងម៉ានីល ដែលត្រូវបានបញ្ជា ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ប៉ូលិស Nicolas Torre បានផ្តល់ព័ត៌មានលម្អិត ជាលើកដំបូង នៃការប្រឈមមុខដាក់គ្នា រយៈពេល ១២ ម៉ោង នៅថ្ងៃអង្គារនៅមូលដ្ឋាន ទ័ពអាកាសហ្វីលីពីន មុនពេលដែលលោក និងមន្ត្រីប៉ូលីស ផ្សេងទៀត អាចនាំអតីត មេដឹកនាំអាយុ ៧៩ ឆ្នាំ ឡើងលើយន្តហោះ ដែលជួលរបស់រដ្ឋាភិបាលនាំគាត់ទៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាកន្លែងដែលគាត់ ត្រូវបានឃុំខ្លួន ដោយតុលាការ ពិភពលោក ដោយចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
អ្នកនាំពាក្យរបស់តុលាការ ICC លោក Fadi El Abdallah បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានថា លោក Duterte បានមកដល់មជ្ឈមណ្ឌលឃុំឃាំង របស់តុលាការនៅជិតឆ្នេរសមុទ្រ ខាងជើងរបស់ប្រទេសហូឡង់ បន្ទាប់ពីបានពិនិត្យសុខភាព។
តុលាការបានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោក Duterte គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខចៅក្រម ICC នៅថ្ងៃសុក្រ។ នៅក្នុងសវនាការ លោក Duterte នឹងត្រូវបានជូនដំណឹង អំពីការចោទប្រកាន់ប្រឆាំងនឹងគាត់ សិទ្ធិរបស់គាត់ ហើយកាលបរិច្ឆេទ នឹងត្រូវបានកំណត់ សម្រាប់សវនាការបណ្តោះអាសន្នបន្ថែម ៕
