បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky របស់អ៊ុយក្រែនបានអះអាងថា ក្រុងគៀវ គឺបានទទួលការអបអរសាទរ យ៉ាងច្រើនពីអ្នកគាំទ្រ លោកខាងលិចរបស់ខ្លួនជុំវិញការ ដោះស្រាយកិច្ចចរចានាពេលថ្មីៗ នេះជាមួយសហរដ្ឋអាមេរិក នៅអារ៉ាប៊ីសាអូឌីត។
លោកប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ជោគជ័យផ្នែកការទូតនេះបានធ្វើឲ្យរុស្ស៊ីស្ថិតក្នុងស្ថានភាពលំបាកមួយដែលអាចពិបាកក្នុងការរើខ្លួនចេញពីទីតាំងនេះ ។ ការលើកឡើងនេះធ្វើឡើងក្រោយពេលដែលកិច្ចប្រជុំនៅទីក្រុង Jeddah កាលពីថ្ងៃអង្គារ គណៈប្រតិភូអ៊ុយក្រែន បានយល់ព្រមលើបទឈប់បាញ់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិករយៈពេល ៣០ថ្ងៃ។
លោក Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា ៖ មនុស្សគ្រប់គ្នាបានអបអរសាទរអ៊ុយក្រែនចំពោះជ័យជំនះពិតប្រាកដនៅ Jeddah ដែលជាជ័យជម្នះ នៃការទូតហើយគ្រប់គ្នាជឿថា នេះជាការរីកចម្រើនដ៏ធំ មួយសម្រាប់ប្រទេសអ៊ុយក្រែន។
យ៉ាងណាក្តីគេបានដឹងដែរ នៅពេលនៃកិច្ចប្រជុំនេះកំពុងប្រព្រឹត្តទៅ យោធាអ៊ុយក្រែន កំពុងប្រឈមមុខនឹងការ វាយលុករបស់រុស្សី ដែលស្ថិតស្ថេរនៅតាមបណ្តោយ ជួរមុខទាំងមូល ខណៈដែលកងទ័ពរបស់គៀវ បានរងបរាជ័យដ៏ធំនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានអនុញ្ញាតឱ្យយោធារុស្ស៊ីដណ្តើមយកមកវិញ នូវទឹកដីរាប់រយគីឡូម៉ែត្រក្រឡាក្នុងរយៈពេលប៉ុន្មានថ្ងៃ និងរំដោះទីក្រុង Sudzha ដែលជាទីក្រុងធំបំផុត នៅក្នុងតំបន់ដែលធ្លាប់កាន់កាប់ ដោយកងកម្លាំងអ៊ុយក្រែនពីមុននោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
