បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងមូស្គូត្រូវតែទទួលយកកិច្ចព្រមព្រៀង ឈប់បាញ់រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយ សហរដ្ឋអាមេរិក និងបញ្ឈប់ការធ្វើសេចក្តីថ្លែងការណ៍ ពន្យារពេលតទៅទៀត។
រដ្ឋាភិបាលទីក្រុងគៀវ បានយល់ព្រមលើបទឈប់បាញ់ រយៈពេលមួយខែ ក្នុងជម្លោះអ៊ុយក្រែន បន្ទាប់ពីមានកិច្ចចរចាជាមួយអាមេរិក នៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ។
ប៉ុន្តែយ៉ាងណាក្តីក្រោយមក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបន្តការចែករំលែកព័ត៌មានសម្ងាត់ ជាមួយអ៊ុយក្រែន និងការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសនេះឡើងវិញផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺគ្មានប្រទេសជាសមាជិកសហភាពអឺរ៉ុប ណាត្រូវបានតំណាង នៅក្នុងការចរចានោះទេ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ប៉ុន្តែលក្ខខណ្ឌចាំបាច់ ត្រូវបញ្ជាក់ឱ្យច្បាស់លាស់ ដើម្បីធានាថាវានាំទៅរក សន្តិភាព ស្ថិរភាព និងអចិន្ត្រៃយ៍។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងលោក Vladimir Zelensky របស់អ៊ុយក្រែន លោក Macron បានទាមទារឱ្យទីក្រុងម៉ូស្គូទទួលយក កិច្ចព្រមព្រៀង ដែលបានស្នើឡើងនោះ៕
ប្រែសម្រួល៖ស៊ុនលី
