ព័ត៌មានអន្តរជាតិ

លោក Trump បញ្ជាឱ្យវាយប្រហារតាមអាកាសលើក្រុមឧទ្ទាមហួធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន និងចេញការព្រមានថ្មី

afp

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម ហួធី ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ដោយសន្យាថា នឹងប្រើប្រាស់ “កម្លាំងដ៏ច្រើនលើសលប់” រហូតដល់ក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់នេះ បញ្ឈប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនតាមច្រករបៀងសមុទ្រដ៏សំខាន់មួយ។ ក្រុមឧទ្ទាម ហួធី បាននិយាយថា ជនស៊ីវិលយ៉ាងតិច ១៨នាក់ត្រូវបានសម្លាប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកចម្បាំងដ៏ក្លាហានរបស់យើងឥឡូវនេះកំពុងធ្វើការវាយប្រហារតាមអាកាសលើមូលដ្ឋានភេរវករ មេដឹកនាំ និងប្រព័ន្ធការការពារមីស៊ីល ដើម្បីការពារការដឹកជញ្ជូនទំនិញ ផ្លូវអាកាស និងកងទ័ពជើងទឹករបស់អាមេរិក និងដើម្បីស្ដារសេរីភាពនាវាចរណ៍” ។ “គ្មានកម្លាំងភេរវករណានឹងបញ្ឈប់នាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹកអាមេរិកពីការបើកផ្លូវទឹកពិភពលោកដោយសេរីនោះទេ”។

លោក Donald Trump ក៏បានព្រមានអ៊ីរ៉ង់ឱ្យឈប់គាំទ្រក្រុមឧទ្ទាមនេះដោយសន្យាថា នឹងធ្វើឱ្យប្រទេសនេះ “ទទួលខុសត្រូវទាំងស្រុង” សម្រាប់សកម្មភាពរបស់តំណាងរបស់ខ្លួន។ ការបញ្ជាឱ្យវាយប្រហារនេះ កើតឡើងពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិកបានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអ៊ីរ៉ង់ដែលផ្តល់ផ្លូវដើម្បីចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញរវាងប្រទេសស្តីពីកម្មវិធីនុយក្លេអ៊ែរដែលជឿនលឿនរបស់អ៊ីរ៉ង់។ លោក Trump បាននិយាយថា លោកនឹងមិនអនុញ្ញាតឱ្យវាក្លាយជាប្រតិបត្តិការទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top