ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំរុញឱ្យមានការបន្ធូរបន្ថយ និងមានកិច្ចពិភាក្សា បន្ទាប់ពីអាមេរិក វាយប្រហារក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន

AFP

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia’ al-Sudani បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា។ លោកបានធ្វើការកត់សម្គាល់ចំពេល មានភាពតានតឹងកើនឡើងបន្ទាប់ពី ការវាយប្រហារដោយយោធារបស់ សហរដ្ឋអាមេរិកលើក្រុមហ៊ូទី របស់យេម៉ែន។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth លោក al-Sudani បានសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះតំណាងឱ្យជំហរជាប់លាប់របស់អ៊ីរ៉ាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ដោយបញ្ជាក់ថាអ៊ីរ៉ាក់នឹងបន្តធ្វើសកម្មភាព ស្របតាមគោលការណ៍នេះ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សម្រាប់ផ្នែករបស់គាត់ លោក Hegseth បានពិនិត្យមើលការវិវឌ្ឍន៍ទាក់ទងនឹងប្រតិបត្តិការយោធានៅក្នុងប្រទេសយេម៉ែន ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងបន្តប្រតិបត្តិការរបស់ខ្លួន លុះត្រាតែក្រុមហ៊ូទី បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើកងកម្លាំងសហរដ្ឋអាមេរិក និងការរំខានដល់ការរុករកនៅសមុទ្រក្រហម។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងក្រុមចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) ដោយបន្ថែមថា លោក al-Sudani បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ាក់ ក្នុងការការពារទីប្រឹក្សាចម្រុះអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ការពិភាក្សារបស់ពួកគេក៏បានលើកឡើងអំពី “សក្ដានុពលសន្តិសុខក្នុងតំបន់ ជាពិសេសស្ថានភាពពាក់ព័ន្ធនៅក្នុងប្រទេសស៊ីរី ខណៈដែលភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការទប់ស្កាត់ក្រុម IS នៅក្នុងប្រទេសស៊ីរីពីការគំរាមកំហែងណាមួយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top