ការ៉ាកាស ៖ លោក Jorge Rodriguez សមាជិកសភាកំពូល នៃប្រទេសវេណេស៊ុយអេឡា បានទាមទារឱ្យសហរដ្ឋអាមេរិក ធ្វើមាតុភូមិនិវត្តន៍ជន ចំណាកស្រុក ដែលគ្មានឯកសារ របស់ខ្លួន បន្ទាប់ពីពួកគេរាប់រយនាក់ ត្រូវបាននិរទេសទៅកាន់ប្រទេស El Salvador នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Rodriguez បានបរិហារការនិរទេសនេះថា ជាអំពើព្រៃផ្សៃ និងជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដោយថា អាជ្ញាធរសហរដ្ឋអាមេរិកកំពុង “ចាប់ពង្រត់” មនុស្សដែលមាន អាយុចាប់ពី ១៤ ឆ្នាំ ហើយបដិសេធពួកគេតាមនីតិវិធីត្រឹមត្រូវ។ លោកបានអះអាងថា ជាផ្នែកមួយ នៃការបង្រ្កាបជន អន្តោប្រវេសន៍របស់ទីក្រុងវ៉ាស៊ីនតោន អនីតិជនកំពុងត្រូវបាន “ចាប់ពង្រត់ ឃាត់ខ្លួន ដាក់ឃុំឃាំង ដាក់ឲ្យនៅដាច់ដោយឡែក និងត្រូវបាននាំយកទៅប្រទេស ផ្សេងទៀត” ។
លោកបានអំពាវនាវ ឱ្យរដ្ឋាភិបាល របស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ ចេញសេចក្តីណែនាំអំពីការ ធ្វើដំណើរព្រមាន ប្រជាជនវេណេស៊ុយអេឡា កុំឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ។ សមាជិកសភារូបនេះ ក៏បានប្រកាសពីការចាប់ផ្តើមនៃ “យុទ្ធនាការដែលពឹងផ្អែកខ្លាំង” ដើម្បីបង្កើនការយល់ដឹង អំពីការរំលោភបំពាន ដែលបានប្រព្រឹត្តប្រឆាំងនឹងជនចំណាកស្រុកវេណេស៊ុយអេឡា និងបានលើកទឹកចិត្តជន ចំណាកស្រុកវេណេស៊ុយអេឡា ឱ្យចុះឈ្មោះតាមរយៈគណនី Instagram សម្រាប់ជំនួយផ្នែកច្បាប់ និងតំណាង៕
ប្រែសម្រួល ឈូក បូរ៉ា
