ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកឆាកប្រយុទ្ធតាមអាកាសសាជាថ្មី នៅក្នុងតំបន់ហ្គាហ្សា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែល​ បាន​ធ្វើការបន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​ នៅ​តំបន់​ហ្គាហ្សាសាជាថ្មី​បន្ទាប់​ពី ​ការ​បរាជ័យ​នៃ​ការ​ចរចា​ជាមួយ ​ក្រុម​ហាម៉ាស​ជុំវិញ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ដែល​នៅ​សេសសល់ និង​ការ​អនុវត្ត​បទ​ឈប់​បាញ់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអង្គារនេះ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បាននិយាយថា ពួកគេកំពុងធ្វើការវាយប្រហារយ៉ាងទូលំទូលាយ លើគោលដៅភេរវកម្មដែលជាកម្មសិទ្ធិ របស់អង្គការភេរវករហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹង ការបដិសេធម្តងហើយម្តងទៀតរបស់ក្រុម Hamas ក្នុងការដោះលែងចំណាប់ខ្មាំងរបស់យើង និងក៏ដូចជាការបដិសេធរបស់ខ្លួន នូវរាល់សំណើដែលខ្លួនបានទទួលពី ប្រេសិតប្រធានាធិបតីសហរដ្ឋអាមេរិក Steve Witkoff និងពីអ្នកសម្របសម្រួលផងដែរ។

ក្រុមអ្នកសារព័ត៌មាន Al Jazeera បានរាយការណ៍ថា មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងក្រុមចំណាប់ខ្មាំង ចាប់តាំងពីអរិភាពបានបន្តឡើងវិញ ដោយដកស្រង់សម្តីអាជ្ញាធរ នៅតំបន់ហ្គាហ្សារបស់ហាម៉ាស។

គួរឲ្យដឹងដែរថាទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ការវាយប្រហារនេះបានកើតឡើងនៅតំបន់កណ្តាល និងភាគខាងត្បូងនៃតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន។

មកទល់ពេលនេះប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាសមិនអាចព្រមព្រៀងគ្នា លើជំហានបន្ទាប់បានទេ ចាប់តាំងពីដំណាក់កាលទីមួយ នៃបទឈប់បាញ់បានផុតកំណត់នៅថ្ងៃទី ១ខែមីនាដោយក្នុងនោះរដ្ឋាភិបាលអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ថា បានប្រើប្រាស់ឧបាយកល និងសង្គ្រាមផ្លូវចិត្តហើយបានស្តីបន្ទោស ក្រុមសកម្មប្រយុទ្ធចំពោះការបដិសេធ ផែនការដែលបានបង្ហាញកាលពីសប្តាហ៍មុន ដោយបេសកជនអាមេរិក Steve Witkoff ទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top