គែរ៖ ប្រទេស អេហ្ស៊ីប គុយវ៉ែត និងបារ៉ែន បានព្រមានថា ការវាយប្រហារជាថ្មី របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការកត់សម្គាល់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុង ពេលសន្ទនាតាមទូរស័ព្ទ ដាច់ដោយឡែករវាងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi អធិរាជ នៃប្រទេសគុយវ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah និងស្តេចនៃ ប្រទេសបារ៉ែន Hamad bin Isa Al Khalifa។
ប្រធានាធិបតីបានឲ្យដឹងថាលោក Sisi និងអធិរាជ Al-Sabah បានថ្កោលទោសការបន្តកើតមានអរិភាពរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យជនស៊ីវិល រាប់រយនាក់បាត់បង់ជីវិត រួមទាំងកុមារ និងស្ត្រីផងដែរ។
មេដឹកនាំទាំងពីរ បានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាការរំលោភច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ឈប់បាញ់ ដែលត្រូវបានសម្រេច ដោយបញ្ជាក់ថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ក៏ជាផ្នែកមួយ នៃការប៉ុនប៉ង ដោយចេតនា ដើម្បីធ្វើឱ្យតំបន់ហ្គាហ្សាមិនអាចរស់នៅបាន និងជំរុញឱ្យប្រជាជនប៉ាឡេស្ទីនធ្វើចំណាកស្រុក។
ប្រធានាធិបតីអេហ្ស៊ីប និងអធិរាជគុយវ៉ែត បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់សហគមន៍អន្តរជាតិ ក្នុងការទទួលបន្ទុករបស់ខ្លួន ដើម្បីជំរុញ ឱ្យមានបទឈប់បាញ់ភ្លាមៗ អនុវត្តដំណោះស្រាយរដ្ឋពីរ និងបង្កើត រដ្ឋប៉ាឡេស្ទីន តាមបណ្ដោយព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹម ខាងកើត ជារដ្ឋធានីរបស់ខ្លួន។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអេហ្ស៊ីប និងជាស្តេច នៃប្រទេសបារ៉ែន បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ សម្រាប់បទ ឈប់បាញ់ជាបន្ទាន់ ដោយអំពាវនាវឱ្យសហគមន៍ អន្តរជាតិការពារប្រជាជនហ្គាហ្សាពី “ការឈ្លានពានដ៏ព្រៃផ្សៃ ដែលពួកគេកំពុងប្រឈមមុខ” ៕
ប្រែសម្រួល ឈូក បូរ៉ា
