ព័ត៌មានអន្តរជាតិ

មូលហេតុពិតប្រាកដ​ នៅពីក្រោយការចាប់ខ្លួន លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន ដោយអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ?

នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមីនានេះ (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតាតេ(Duterte) បានចូលរួមសវនាការលើកដំបូង​ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) តាមរយៈតំណភ្ជាប់វីដេអូ ។ ចាប់តាំងពីលោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែ មីនា​ ដល់ដំណើរការជំនុំជម្រះក្តី​ នៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូល មានរយៈពេលត្រឹម តែ ៤ ថ្ងៃ ប៉ុណ្ណោះ។ តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ “ប្រកបដោយប្រសិទ្ធភាព” បែបនេះ។

ការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte លើកនេះ មានការកំណត់ពេលវេលាតកន្ទុយគ្នាឥតចន្លោះដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ខែមីនា នៅពេលដែលលោក Duterte បានទៅដល់ទីក្រុងម៉ានីល លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ លោក Duterte បានមកដល់ទីក្រុងឡាអេ នៅថ្ងៃទី១២ ខែមីនា។ បន្ទាប់ ពីពិនិត្យសុខភាព នៅថ្ងៃទី១៣ ខែមីនា ក៏ត្រូវបានឃុំខ្លួន។ ចាប់ផ្តើមដំណើរការជំនុំជម្រះក្តី នៅ ថ្ងៃ ទី ១៤ ខែមីនា។ ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់នេះហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែតាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធ​ ទៅនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ពេលកំពុងកាន់តំណែង។ មុនពេលលោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៤លាននាក់ ដែលបញ្ហាគ្រឿងញៀន​ ប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។ បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន​ ដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦ លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ ហើយលោកDuterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបេះដូងប្រជាជនហ្វីលីពីន។ 

ប៉ុន្តែឥឡូវនេះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួន​ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ “ប្រទេសមួយដែលក្លាយជាភាគី នៃលក្ខន្តិកៈនេះ” គឺជាលក្ខខណ្ឌចាំបាច់ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ តាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ​ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte ។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិ​ នៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្នលោក ម៉ាកូស(Marcos) គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺជាមូលហេតុ ដែល រដ្ឋាភិបាល លោក Marcos ប្រើប្រាស់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ធ្វើទុក្ខបុកម្នេញ លោក Duterte ដែលជាគូប្រជែង នយោបាយ ក្នុងគោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះគឺធ្វើឡើង​ តាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីន​ ទាក់ទងនឹងបញ្ហានេះ។ យោងតាមគេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍នៅថ្ងៃទី១៧ ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការ​ ទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍​ នៅថ្ងៃដដែលថា “ខ្ញុំកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterteដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ” ។ នៅល្ងាចថ្ងៃទី១១ ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួនឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះ គឺជាការប្រមាថជាសាធារណៈ ចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនអ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្មនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី១៥និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុងDavao មួយ គឺមានមនុស្សប្រហែល ៣ ម៉ឺននាក់បានចូលរួមក្នុងការហែក្បួនគាំទ្រលោក Duterte កាលពីថ្ងៃទី១៦ ខែមីនានេះ។

វាពិតជាពិបាកនឹងនិយាយឱ្យបានច្បាស់លាស់អីពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ។ សរុបសេចក្តីមកយើងសង្ឃឹមថា លោក Duterte អាចទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌៕

To Top