តូក្យូ៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានសម្តែងការព្រួយបារម្ភ ចំពោះភាពមិនច្បាស់លាស់ ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ចក្នុងស្រុក នៃផែនការពន្ធដ៏គឃ្លើនរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយថាលោកចង់តាមដានស្ថានភាព មុនពេលសម្រេចចិត្តលើការដំឡើង អត្រាការប្រាក់បន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ គោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្ដាលជប៉ុន បានឈរលើអត្រាបច្ចុប្បន្ន ០.៥ ភាគរយ។ ធនាគារកណ្តាល ដែលបាននិងកំពុងផ្លាស់ប្តូរឆ្ងាយ ពីគោលនយោបាយរូបិយវត្ថុដ៏ងាយស្រួលបំផុត មួយទសវត្សរ៍បានដំឡើងអត្រាការប្រាក់ រយៈពេលខ្លីដ៏សំខាន់ពី ០.២៥ ភាគរយនៅឯកិច្ចប្រជុំមុនក្នុងខែមករា។
លោក Ueda បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “មានភាពមិនប្រាកដប្រជាខ្ពស់” ទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ “យើងនឹងសម្រេចចិត្តលើគោលនយោបាយ របស់យើងបន្ទាប់ពីសិក្សាពីផលប៉ះពាល់ នៃផែនការពន្ធគយរបស់សហរដ្ឋអាមេរិក លើទស្សនវិស័យសេដ្ឋកិច្ច និងអតិផរណានៅក្នុងប្រទេសរបស់យើង”។
លោកបានលើកឡើងថា ធនាគារអាចមានទស្សនវិស័យ កាន់តែច្បាស់នៅដើមខែមេសា នៅពេលដែលពន្ធគយទៅវិញទៅមក ដែលបានគ្រោងទុកដែលបន្តដោយលោក ត្រាំ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន។ ខណៈពេលដែលការទទួលស្គាល់ហានិភ័យធ្លាក់ចុះ ចំពោះសេដ្ឋកិច្ចពិភពលោក ប្រធានធនាគារកណ្ដាលរូបនេះបានបន្ដថា ធនាគារគ្រោងនឹងបង្កើនអត្រា គោលនយោបាយរបស់ខ្លួនបន្ថែមទៀត ប្រសិនបើសេដ្ឋកិច្ចក្នុងស្រុក និងតម្លៃបន្តផ្លាស់ទីស្របតាមការរំពឹងទុករបស់ខ្លួន ដោយបន្ថែមអតិផរណាមូលដ្ឋាននៅតែ ទាបជាងកម្រិតដែលធនាគារកំពុងកំណត់ ៕
ប្រែសម្រួល ឈូក បូរ៉ា
