ព័ត៌មានអន្តរជាតិ

អង់គ្លេស ៖ អាកាសយានដ្ឋាន Heathrow ប្រកាសបិទ និងបង្វែរជើងហោះហើរ ដោយសារតែដាច់ចរន្តអគ្គិសនី

AFP

បរទេស ៖ អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រថា អាកាសយានដ្ឋាននឹងបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីជួបប្រទះ ការដាច់ចរន្តអគ្គិសនី យ៉ាងធំដោយសារតែមានអគ្គីភ័យឆាបឆេះ នៅស្ថានីយអគ្គិសនី ដែលស្ថិតក្បែរនោះដែលផ្គត់ផ្គង់អាកាសយានដ្ឋាន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋាន Heathrow បាននិយាយនៅក្នុង ការបង្ហោះនៅលើ X ដែលជាអតីត Twitter ថា “ដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរ និងសហការីរបស់យើង Heathrow នឹងត្រូវបិទរហូតដល់ម៉ោង ២៣៖៥៩នាទីយប់ នៅថ្ងៃទី២១ ខែមីនា” ដោយបន្ថែមថា អ្នកដំណើរត្រូវបានណែនាំ មិនឱ្យធ្វើដំណើរទៅអាកាសយានដ្ឋាន ។

ក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងឆ្លើយតបចំពោះឧបទ្ទវហេតុនេះ ប៉ុន្តែមិនមានភាពច្បាស់លាស់ថា តើនៅពេលណាដែលថាមពលអាចត្រូវ បានស្តារឡើងវិញ ដែលអាចទុកចិត្តបាននោះទេ អ្នកនាំពាក្យ របស់អាកាសយានដ្ឋាន Heathrow បានប្រាប់សារព័ត៌មាន Reuters នៅក្នុងអ៊ីមែលមួយ ហើយបានបន្ថែមថា ពួកគេរំពឹងថា នឹងមានការរំខានយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

Eurocontrol ដែលគ្រប់គ្រងប្រតិបត្តិការ ត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅទូទាំងទ្វីបអឺរ៉ុប បាននិយាយនៅលើគេហទំព័រប្រតិបត្តិការរបស់ខ្លួនថា គ្មានការមកដល់ត្រូវបានអនុញ្ញាតនៅអាកាសយានដ្ឋាន Heathrow នោះទេ ដោយសារការដាច់ចរន្តអគ្គិសនី ហើយមានផែនការបង្វែរជើងហោះហើរ៕

To Top