ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា អាមេរិក នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយ អ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លីខាងមុខ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន «ក្នុងពេលដ៏ខ្លី»ខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា “យើងកំពុងធ្វើការងារដ៏ល្អជាមួយអ៊ុយក្រែន និងរុស្ស៊ី។ ហើយរឿងមួយដែលយើងកំពុងធ្វើ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏ខ្លីមួយទាក់ទងនឹងរ៉ែកម្រជាមួយអ៊ុយក្រែន” ។ លោក ត្រាំ បានធ្វើការកត់សម្គាល់ភ្លាមៗ បន្ទាប់ពីលោកបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដើម្បីអំពាវនាវឱ្យមានអំណាចក្នុងគ្រាអាសន្ន ដើម្បី “បង្កើនការផលិតសារធាតុរ៉ែសំខាន់ៗ និងរ៉ែកម្រ” ។

លោក ត្រាំ បានលើកឡើងថា “យើងក៏កំពុងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនៅក្នុងទីតាំងផ្សេងៗគ្នា ដើម្បីផលិតផលរ៉ែ និងរ៉ែកម្រ និងវត្ថុជាច្រើនទៀតនៅទូទាំងពិភពលោក ប៉ុន្តែជាពិសេសអ៊ុយក្រែន” ។ លោកបាននិយាយកាលពីខែមុនថា លោកបានស្នើឱ្យអ៊ុយក្រែនផ្តល់ ភពកម្រដល់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៥០០ ពាន់លានដុល្លារ។

លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅពេលនោះថា “ខ្ញុំបានប្រាប់ពួកគេ (អ៊ុយក្រែន) ថាខ្ញុំចង់មានតម្លៃស្មើនឹង ៥០០ពាន់លានដុល្លារនៃរ៉ែកម្ររបស់អ៊ុយក្រែន។ លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងផ្តល់សិទ្ធិឱ្យក្រុងវ៉ាស៊ីនតោនចូលទៅកាន់កន្លែងជីកយករ៉ែរបស់អ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះនៅតែ មិនទាន់ចុះហត្ថលេខា បន្ទាប់ពីកិច្ចប្រជុំរបស់លោក ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval ជាមួយ ត្រាំ និងអនុប្រធានាធិបតីអាមេរិក គឺលោក JD Vance បានប្រែក្លាយទៅជាការផ្លាស់ប្តូរនៃ ជម្លោះពាក្យសម្ដីមួយដ៏ក្តៅគគុក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top