សេអ៊ូល៖ អង្គការឃ្លាំមើលសេដ្ឋកិច្ចមួយនៅអាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងកើនឡើង ១,៦ ភាគរយនៅឆ្នាំនេះ ចំពេលមានការកើនឡើង នៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក ដែលបង្កឡើង ដោយពន្ធគយ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានធ្វើការវាយតម្លៃនៅក្នុងរបាយការណ៍មួយ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងទីភ្នាក់ងារពាក់ ព័ន្ធក្នុងខែវិច្ឆិកា នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អង្គការបានឲ្យដឹងថា ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការប្រើប្រាស់ក្នុងស្រុកក៏ដោយ សេដ្ឋកិច្ចរបស់ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងកើនឡើង ១.៦ ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះ ០.៤ ភាគរយពីកំណើន ២ ភាគរយកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារតែផលប៉ះ ពាល់ពីគម្រោង ពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ។
ការព្យាករនេះមានកម្រិត ខ្ពស់ជាងបន្តិច នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលបានព្យាករមុនថា សេដ្ឋកិច្ចធំជាងគេ ទីបួនរបស់អាស៊ីនឹងកើនឡើង ១,៥ ភាគរយនៅឆ្នាំនេះ។ កាលពីខែមុន ធនាគារកណ្តាលកូរ៉េ ក៏បានកាត់បន្ថយទស្សនវិស័យ កំណើនសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៥ មកត្រឹម ១,៥ ភាគរយពីការព្យាករ ១,៩ ភាគរយ ដែលបានបង្ហាញក្នុងខែវិច្ឆិកា។
AMRO បានលើកឡើងពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។ ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបង្កើនពន្ធគយយ៉ាងខ្ពស់ និងភាពមិនច្បាស់លាស់ខាង នយោបាយនៅក្នុងប្រទេស ដែលជាហានិភ័យធ្លាក់ចុះដ៏សំខាន់ ៕
ប្រែសម្រួល ឈូក បូរ៉ា
