ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក បើកសមយុទ្ធថ្មើរជើងរួមគ្នា ខណៈកូរ៉េខាងជើង បាញ់សាកល្បងប្រព័ន្ធការពារមីស៊ីល

Yonhap News

សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធា រួមគ្នារយៈពេល ៣ សប្តាហ៍ ដើម្បីបង្កើនសមត្ថភាព ប្រតិបត្តិការរួមគ្នា និងបច្ចេកទេសប្រយុទ្ធដ៏មុតស្រួច ខណៈកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាសចុងក្រោយបង្អស់របស់ខ្លួន ដែលថ្មីៗនេះត្រូវបានដាក់ឱ្យដំណើរ ការក្នុងផលិតកម្មពេញលេញ ដែលមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យការ សាកល្បងនេះដោយផ្ទាល់។

យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល ១,១០០ នាក់មកពីកងម៉ារីនទី ១ របស់កូរ៉េខាងត្បូង និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ៣ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលធ្វើឡើងនៅទីក្រុង Pohang ភាគអាគ្នេយ៍ និងទីក្រុងព្រំដែន Pocheon និង Paju ចាប់ពីថ្ងៃទី ៣ ខែមីនាដល់ថ្ងៃសុក្រ។

សមយុទ្ធនេះបានប្រមូលទ្រព្យសម្បត្តិពីភាគីទាំងសងខាង រួមទាំងរថក្រោះ K808, K1A2 របស់កូរ៉េខាងត្បូង និងឧទ្ធម្ភាគចក្រ MUH-1 Marineon និងឧទ្ធម្ភាគចក្រ CH-53E និង AH-1Z របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។

កងទ័ពដំបូងបានចូលរួម ក្នុងការហ្វឹកហ្វឺនទ័ពថ្មើរជើងនៅទីក្រុង Pohang ចម្ងាយ ២៦២ គីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុងសេអ៊ូល មុនពេលចូលរួមវគ្គទីពីរនៃការហ្វឹកហ្វឺន អាវុធរួមបញ្ចូលគ្នា ដែលធ្វើឡើងនៅមូលដ្ឋាន យោធានៅ Paju និង Pocheon ភាគខាងជើងនៃទីក្រុងសេអ៊ូល។

កងម៉ារីនបានឲ្យដឹងថា ឧត្តមសេនីយឯក Ju Il-Seok មេបញ្ជាការកងម៉ារីនកូរ៉េខាងត្បូង និងឧត្តមសេនីយ Roger Turner អគ្គបញ្ជាការនៃកងនាវាចរណ៍ទី ៣ បានត្រួតពិនិត្យការហ្វឹកហ្វឺន និងលើកទឹកចិត្តកងទ័ព។ សមយុទ្ធចុងក្រោយនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយ នៃកម្មវិធីសមយុទ្ធដែន សមុទ្រកូរ៉េធម្មតា ដែលត្រូវបានរចនាឡើង ដើម្បីពង្រឹងការត្រៀមខ្លួន រួមគ្នារវាងសម្ព័ន្ធមិត្ត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top