បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃ លោក Pichai Naripthaphan បាននិយាយថា ការនាំចេញផ្លែទុរេនត្រូវបានគេរំពឹងថា នឹងដំណើរការដោយរលូននៅឆ្នាំនេះ ដោយគ្មានការព្រួយបារម្ភ អំពីសារធាតុរោគពណ៌លឿង (BY2) ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោករដ្ឋមន្ត្រីបានជួបជាមួយអភិបាលខេត្ត Chanthaburi លោក Monsit Paisarnantanawat និងអ្នកតំណាង មកពីផ្នែកពាក់ព័ន្ធរបស់រដ្ឋាភិបាល និងវិស័យឯកជនក្នុងខេត្តកាលពីថ្ងៃពុធ ដើម្បីរៀបចំសម្រាប់ការប្រមូល ផលទុរេននា ពេលខាងមុខ នៅក្នុងខែឧសភា។
ក្រសួងកសិកម្ម និងសហករណ៍ រំពឹងថា ទិន្នផលទុរេននឹងកើនឡើង ៣៧% ដល់ ១,៧៦ លានតោននៅឆ្នាំនេះ។
នៅក្នុងកិច្ចពិភាក្សាជាច្រើនលើកមុន ជាមួយលោក Wu Zhiwu ទីប្រឹក្សារដ្ឋមន្ត្រី-ទីប្រឹក្សានៃស្ថានទូតចិន លោក Pichai បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃនីតិវិធីត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅក្នុងប្រទេសថៃ ខណៈដែលស្នើឱ្យប្រទេសចិន ពិចារណាការត្រួតពិនិត្យដោយ គ្មានផែនការ ជំនួសឱ្យការត្រួតពិនិត្យរាល់ការដឹកជញ្ជូនទាំងអស់។
លោក Pichai បាននិយាយទៀតថា “ខ្ញុំបានប្រាប់លោក Zhiwu ថា ការត្រួតពិនិត្យពេញលេញនឹងត្រូវបានធ្វើឡើងមុនពេលនាំចេញ។ ប្រសិនបើប្រទេសចិនត្រួតពិនិត្យរាល់កុងតឺន័រ គឺវាអាចបណ្តាលឱ្យមានការពន្យារពេល ដែលប្រថុយនឹងការបំផ្លាញទុរេនដែលកំពុងរង់ចាំចូលប្រទេសចិន”។
លោក Monsit បានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងសារធាតុ BY2 នៅក្នុងខេត្ត Chanthaburi និងខេត្តជិតខាង ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយវិស័យផ្សេងៗ បានសហការគ្នាក្នុងការទប់ស្កាត់ការចម្លងរោគ ដោយធានាថា ការប្រមូលផលទុរេននាពេលខាងមុខ គឺគ្មានការជ្រលក់សារធាតុ BY2 ៕
ប្រែសម្រួលៈ ណៃ តុលា
