វ៉ាស៊ីនតោន៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក លោក Doug Burgum បានប្រកាសពីជំហាន ដើម្បីបើកទីតាំងបន្ថែមទៀត សម្រាប់ការជួលប្រេង និងឧស្ម័ននៅរដ្ឋអាឡាស្កា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ការរឹតបន្តឹងក៏នឹងត្រូវបានដកចេញផងដែរលើការ សាងសង់បំពង់បង្ហូរឧស្ម័ន LNG និងផ្លូវរុករករ៉ែ ដើម្បីអនុវត្តបទបញ្ជា ប្រតិបត្តិរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដើម្បីដកចេញនូវឧបសគ្គ ចំពោះការអភិវឌ្ឍន៍ថាមពលនៅក្នុងរដ្ឋមួយនេះ។
លោក Burgum បានឲ្យដឹងថាទីភ្នាក់ងារនេះ គ្រោងនឹងបើកឡើងវិញនូវ ៨២ ភាគរយនៃទុនបម្រុងប្រេងជាតិរបស់រដ្ឋអាឡាស្កា ដែលអាចរកបាន សម្រាប់ការជួល សម្រាប់ការអភិវឌ្ឍន៍ និងតំបន់វាលទំនាបឆ្នេរសមុទ្រទំហំ ១.៥៦ លានហិចតានៃជម្រកសត្វព្រៃជាតិអាកទិក សម្រាប់ការជួលប្រេង និងឧស្ម័ន ។
លោក Burgum បានលើកឡើងថា “វាដល់ពេលហើយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីទទួលយក ធនធានដ៏បរិបូរណ៍ និងភាគច្រើន មិនអាចប្រើប្រាស់ បានរបស់រដ្ឋអាឡាស្កា ដែលជាផ្លូវទៅកាន់ភាពរុងរឿង សម្រាប់ជាតិ រួមទាំងរដ្ឋអាឡាស្កាផងដែរ” ។ គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប្រយុទ្ធប្រឆាំងគ្នាអស់ជាច្រើនទសវត្សរ៍លើការអភិវឌ្ឍន៍ នៃរដ្ឋអាឡាស្កា ដែលមានធនធានឥន្ធនៈហ្វូស៊ីល៕
