គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមេដឹកនាំសហភាពអឺរ៉ុប អនុម័តជាបន្ទាន់នូវកញ្ចប់ថវិកាយ៉ាងហោចណាស់ ៥ ពាន់លានអឺរ៉ូ (៥.៤៥ ពាន់លានដុល្លារ) សម្រាប់គ្រាប់កាំភ្លើងធំ នេះបើយោងតាមការចុះផ្សយារបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈតំណភ្ជាប់វីដេអូ លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ការ សម្រេចចិត្តយ៉ាងឆាប់រហ័ស ដោយជំរុញឱ្យមេដឹកនាំអឺរ៉ុប ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តគាំទ្រអ៊ុយក្រែន។
ស្របពេលដែលប្រធានាធិបតី អ៊ុយក្រែនរូបនេះ ធ្វើការអំពាវនាវទៅកាន់សហភាពអឺរ៉ុប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឲ្យដឹង ផងដែរថា លោកនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន «ក្នុងពេលដ៏ខ្លី»ខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ ។
លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា “យើងកំពុងធ្វើការងារដ៏ល្អជាមួយអ៊ុយក្រែន និងរុស្ស៊ី។ ហើយរឿងមួយដែលយើងកំពុងធ្វើ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏ខ្លីមួយទាក់ទងនឹងរ៉ែកម្រជាមួយអ៊ុយក្រែន” ។ លោក ត្រាំ បានធ្វើការកត់សម្គាល់ភ្លាមៗ បន្ទាប់ពីលោកបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដើម្បីអំពាវនាវឱ្យមានអំណាចក្នុងគ្រាអាសន្ន ដើម្បី “បង្កើនការផលិតសារធាតុរ៉ែសំខាន់ៗ និងរ៉ែកម្រ” ។
លោក ត្រាំ បានលើកឡើងថា “យើងក៏កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងទីតាំងផ្សេងៗគ្នា ដើម្បីផលិតផលរ៉ែ និងរ៉ែកម្រ និងវត្ថុជាច្រើនទៀតនៅទូទាំង ពិភពលោក ប៉ុន្តែជាពិសេសអ៊ុយក្រែន” ។ លោកបាននិយាយកាលពីខែមុនថា លោកបានស្នើឱ្យអ៊ុយក្រែន ផ្តល់ភពកម្រដល់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៥០០ ពាន់លានដុល្លារ។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅពេលនោះថា “ខ្ញុំបានប្រាប់ពួកគេ (អ៊ុយក្រែន) ថាខ្ញុំចង់មានតម្លៃស្មើនឹង ៥០០ពាន់លានដុល្លារនៃរ៉ែកម្ររបស់អ៊ុយក្រែន ។ លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយនៅចុងខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងផ្តល់សិទ្ធិឱ្យក្រុងវ៉ាស៊ីនតោន ចូលទៅកាន់កន្លែងជីកយករ៉ែរបស់អ៊ុយក្រែន។
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះនៅតែមិនទាន់ចុះហត្ថលេខា បន្ទាប់ពីកិច្ចប្រជុំរបស់លោក ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval ជាមួយ ត្រាំ និងអនុប្រធានាធិបតីអាមេរិក គឺលោក JD Vance បានប្រែក្លាយទៅជាការផ្លាស់ប្តូរនៃជម្លោះពាក្យសម្ដីមួយដ៏ក្តៅគគុក៕
ប្រែសម្រួល ឈូក បូរ៉ា
