បរទេស៖ មន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Pete Hegseth គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន ដែលជាកន្លែងឈប់ដំបូង ក្នុងការធ្វើដំណើរលើកដំបូង ទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក នៅសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សា ដែលនឹងរួមបញ្ចូលការបង្កើន ការទប់ស្កាត់ការឈ្លានពាន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Hegseth នឹងនៅទីក្រុងម៉ានីលនៅថ្ងៃទី ២៨-២៩ ខែមីនាដើម្បីជួបសមភាគីហ្វីលីពីន គឺលោក Gilberto Teodoro និងប្រធានាធិបតី Ferdinand Marcos Jr. ហើយការពិភាក្សានឹងប៉ះលើ សកម្មភាពអះអាងកាន់តែខ្លាំងឡើង ដោយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និង “ការគាំទ្រ យ៉ាងសំខាន់” ដល់កងកម្លាំងសន្តិសុខហ្វីលីពីន ដោយរដ្ឋបាល Trump , នេះបើតាមឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិកលោក Jose Manuel បានប្រាប់ Associated Romualez ។
ការជំរុញគោលនយោបាយការបរទេស “អាមេរិកទីមួយ” របស់លោក Trump បានបង្កឱ្យមានការ ព្រួយបារម្ភអំពីទំហំ និងជម្រៅនៃការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះតំបន់ក្រោមអាណត្តិថ្មីរបស់លោក ។
លោក Romualdez បាននិយាយអំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោក Hegseth ថា “វាគឺជាសារដ៏រឹងមាំមួយទៅកាន់ប្រទេសចិន ស្តីពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ” រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន៕
ប្រែសម្រួលៈ ណៃ តុលា
