ព័ត៌មានអន្តរជាតិ

បងធំនៅអឺរ៉ុប ជំរុញឱ្យត្រឡប់ជាបន្ទាន់ ទៅបទឈប់បាញ់តំបន់ហ្គាហ្សា

AFP

ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃសុក្រនេះ បានរួមគ្នាអំពាវនាវឱ្យមានការវិលត្រឡប់ជាបន្ទាន់ នូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រថា “ការបន្តការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាជំហានថយក្រោយយ៉ាងខ្លាំង សម្រាប់ប្រជាជនហ្គាហ្សា ចំណាប់ខ្មាំង ក្រុមគ្រួសាររបស់ពួកគេ និងតំបន់ទាំងមូល” ។

បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ រហូតដល់អ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើលលើតំបន់ហ្គាហ្សា នៅថ្ងៃអង្គារ។

ដោយគូសបញ្ជាក់អំពីអរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា “ជម្លោះនេះមិនអាចដោះស្រាយបានតាមរយៈ មធ្យោបាយយោធានោះទេ” ហើយបានព្រមានថា “ការវិលត្រឡប់ទៅរកការប្រយុទ្ធគ្នានឹងបណ្តាលឱ្យមានការស្លាប់ របស់ជនស៊ីវិលប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែលកាន់តែច្រើនឡើង” ។

ដោយជំរុញឱ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិឱ្យបានពេញលេញ និងអនុញ្ញាតឱ្យមានលំហូរនៃជំនួយទៅកាន់តំបន់ហ្គាហ្សាភ្លាមៗ រដ្ឋមន្ត្រីបានឲ្យដឹងថា “ជនស៊ីវិលគួរតែត្រូវបានការពារ និងមិនត្រូវបានកាត់ផ្តាច់ពីជំនួយ ឬជំនួយសំខាន់ៗឡើយ”។

ពួកគេក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ស្តារលទ្ធភាពទទួលបានមនុស្សធម៌ និងធានាឱ្យមានលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្រ្ត និងការជម្លៀសវេជ្ជសាស្រ្តបណ្តោះអាសន្ន នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top