រីយ៉ាដ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានប្រកាសថា កិច្ចពិភាក្សារវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែន បានបញ្ចប់នៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយថា ការពិភាក្សានេះគឺ “មានផលិតភាព ជាមួយនឹងចំណុចសំខាន់ៗ រួមទាំងបញ្ហាថាមពលរបស់អ៊ុយក្រែន” ។
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Umerov ដែលដឹកនាំគណៈប្រតិភូអ៊ុយក្រែន បានសង្កត់ធ្ងន់ថាគោលដៅរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី គឺដើម្បីទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន និងអឺរ៉ុបទាំងមូលដោយអះអាងថា “យើងកំពុងធ្វើការដើម្បីធ្វើឱ្យគោលដៅនោះក្លាយជាការពិត” ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform គណៈប្រតិភូអ៊ុយក្រែន ក៏បានរួមបញ្ចូលរដ្ឋលេខាធិការក្រសួងការបរទេសអ៊ុយក្រែន Oleksandr Karasevych អនុប្រធានការិយាល័យប្រធានាធិបតីលោក Pavlo Palisa និង Ihor Zhovkva ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងថាមពល Mykola Kolisnyk ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។
កិច្ចពិភាក្សានេះបានកើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំលើកមុនរវាងភាគីទាំងពីរនៅទីក្រុងកំពង់ផែ Jeddah អារ៉ាប៊ីសាអូឌីត ឃើញថាអ៊ុយក្រែនមិនអីទេចំពោះផែនការបទឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងការដែលក្រុងវ៉ាស៊ីនតោនលុបចោលការផ្អាកលើជំនួយយោធា និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន។
គួរកត់សម្គាល់ថា ជំនួបនោះមានមុនកិច្ចចរចារវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ី ដែលគ្រោងធ្វើនៅថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថាគណៈប្រតិភូរុស្ស៊ីបានមកដល់ទីក្រុងរីយ៉ាដ។ គណៈប្រតិភូរួមមានោក Grigory Karasin ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិក្នុងសភាជាន់ខ្ពស់របស់រុស្ស៊ី និងលោក Sergey Beseda ទីប្រឹក្សាប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី នេះបើតាមជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yuri Ushakov៕
ប្រែសម្រួល ឈូក បូរ៉ា
