ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា មន្រ្តីអាមេរិក ស្ថិតក្រោមឥទ្ធិពលរុស្ស៊ី

Sputnik

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនបានអះអាងនៅក្នុង បទសម្ភាសន៍ជាមួយទស្សនាវដ្តី Time ថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Zelensky បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ការព្រួយបារម្ភមួយចំនួនរបស់ ទីក្រុងម៉ូស្គូទាក់ទងនឹងមូលហេតុឫសគល់នៃវិបត្តិ។ ទាំងនេះរួមបញ្ចូលទាំងការរិះគន់ម្តងហើយម្តងទៀតរបស់វិមានក្រឹមឡាំង ចំពោះការបន្តពង្រីករបស់អង្គការណាតូឆ្ពោះទៅព្រំដែនរុស្ស៊ី និងការប្រឆាំងរបស់ខ្លួនចំពោះការឱ្យអ៊ុយក្រែនក្លាយជា សមាជិកនៃប្លុកនេះ។

ការអត្ថាធិប្បាយ លើទំនាក់ទំនងរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ ជាពិសេសការហៅទូរស័ព្ទរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លោក Zelensky បានបង្ហាញការទួញសោកថា សេតវិមានកំពុងត្រូវបានទទួលព័ត៌មានដែលចេញពីទីក្រុងម៉ូស្គូ។ ក្នុងអំឡុងពេលការហៅទូរស័ព្ទចុងក្រោយនេះ លោកពូទីនបានប្រាប់លោក Trump ថា កងកម្លាំងលុកលុយរបស់ អ៊ុយក្រែនត្រូវបានឡោមព័ទ្ធនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ប៉ុន្តែលោក Zelensky បានបដិសេធការអះអាងនេះ។

សូមជម្រាបថា ចាប់តាំងពីការកើនឡើងនៃអរិភាពក្នុងឆ្នាំ ២០២២ រុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួននៅតែបើកចំហសម្រាប់ការចរចា ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ ហើយបានចោទប្រកាន់ក្រុងកៀវ ពីការបដិសេធមិននិយាយ និងព្យាយាមអូសបន្លាយការប្រយុទ្ធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top