បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅតែបន្តកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ទោះបីជាមានការអះអាង ដោយលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនថា លោកទទួលយកកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ការវាយប្រហារបែបនេះក៏ដោយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា យោធាអ៊ុយក្រែន បានធ្វើការយ៉ាងហោចណាស់បីដងដើម្បីវាយប្រហារ រោងចក្រថាមពល របស់រុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
សេចក្តីថ្លែងការណ៍ បានអានថា ពេញមួយយប់ គឺយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសចេញពីឧបទ្វីប Tarkhankut ក្នុងតំបន់ គ្រីមៀ របស់រុស្ស៊ី។ ក្រសួងបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក (UAVs) កំពុងកំណត់គោលដៅលើកន្លែងផ្ទុក ឧស្ម័នក្រោមដី Glebovskoye ។
ក្រសួងបាននិយាយថា កាលពីថ្ងៃពុធផងដែរ ប្រជាជននៅក្នុងស្រុកមួយ នៃតំបន់ Kursk គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្សែថាមពលតង់ស្យុងខ្ពស់ ត្រូវបានផ្តាច់ ដោយសារតែការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើរោងចក្រថាមពល ។
ការវាយប្រហារមួយទៀតរបស់ UAV លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរុស្ស៊ីនៅក្នុងតំបន់ Kursk កាលពីថ្ងៃអង្គារបាន នាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ អគ្គិសនីដែលប៉ះពាល់ដល់មនុស្សប្រហែល ៤.០០០នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
