សេអ៊ូល៖ ធនាគារកណ្តាលកូរ៉េខាងត្បូង បានព្រមាន អំពីលទ្ធភាពនៃការកើនឡើង នៃការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងផលប៉ះពាល់សក្តានុពល របស់វាទៅលើស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស ចំពេលមានកំណើន សេដ្ឋកិច្ចទន់ខ្សោយ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុងប្រទេស និងក្រៅប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ធនាគារកណ្តាលកូរ៉េ (BOK) បានធ្វើចំណុចនេះ នៅក្នុងរបាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុចុងក្រោយបង្អស់របស់ខ្លួន ដែលជាកន្លែងដែលវាក៏បានអំពាវនាវ ឱ្យមានការតាមដាន យ៉ាងជិតស្និទ្ធនូវហានិភ័យ ទីផ្សារអចលនទ្រព្យ និងការខ្ចីប្រាក់សម្រាប់គ្រួសារ ដោយសារការកើនឡើង នៃតម្លៃលំនៅដ្ឋាននាពេលថ្មីៗនេះនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ។
BOK បានឲ្យដឹងនៅក្នុងរបាយការណ៍ថា “ប្រព័ន្ធហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងជា ទូទៅមានស្ថេរភាព គាំទ្រដោយភាពធន់នៃស្ថាប័នហិរញ្ញវត្ថុ និងសមត្ថភាពទូទាត់ខាងក្រៅ។ ចំពេលមានភាពមិនច្បាស់លាស់ខ្ពស់ និងកំណើនសេដ្ឋកិច្ចទាប ទោះបីជាយ៉ាងណាក៏ដោយ មានឱកាស ដែលការប្រែប្រួល នៃតម្លៃទីផ្សារហិរញ្ញវត្ថុ អាចកើនឡើងក្នុងករណីមានការភ្ញាក់ផ្អើល ទាំងក្នុងស្រុក ឬខាងក្រៅស្រុក”។
BOK បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេស កូរ៉េខាងត្បូងនឹងកើនឡើង ១.៥ ភាគរយនៅឆ្នាំ២០២៥ ដែលធ្លាក់ចុះពីកំណើន ២ ភាគរយកាលពីឆ្នាំមុន ដែលភាគច្រើនដោយសារ តែការធ្លាក់ចុះនៃការនាំចេញ និងតម្រូវការក្នុងស្រុកចុះខ្សោយ ។ ប្រភពបានបន្ថែមថា “សម្ពាធធ្លាក់ចុះលើកំណើន សេដ្ឋកិច្ចបានកើនឡើង ដោយសារតែលក្ខខណ្ឌ នយោបាយក្នុងស្រុក និងការផ្លាស់ប្តូរគោល នយោបាយសេដ្ឋកិច្ច របស់ប្រទេសធំៗ ដែលអាចពន្យារពេលការ ធ្វើឱ្យប្រសើរឡើង នូវគុណភាពហិរញ្ញវត្ថុ របស់អ្នកខ្ចី និងស្ថាប័នហិរញ្ញវត្ថុ”៕
ប្រែសម្រួល ឈូក បូរ៉ា
