វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែលវៀតណាម-រុស្ស៊ី លោក Dinh Nhikolai ដែលល្បីខាងបង្ហាញ ម៉ូដក្នុងកម្មវិធី បង្ហាញម៉ូដ និងវីដេអូចម្រៀង ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។
តារាម៉ូដែលវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានកាត់ទោស ជាមួយនឹងមនុស្ស ១២ នាក់ផ្សេងទៀត ដោយតុលាការប្រជាជន នៃសង្កាត់លេខ ១ នៃទីក្រុងហូជីមិញ កាលពីថ្ងៃពុធ។ លោក Nhikolai ត្រូវបានចាប់ខ្លួននៅខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីប៉ូលីសខណ្ឌ១ បានរកឃើញលោក និងមនុស្សមួយចំនួនទៀតដែលបង្ហាញ ពីអាកប្បកិរិយា គួរឲ្យសង្ស័យ អំឡុងពេល ដើរល្បាតជាប្រចាំ។ ពេលចុះត្រួតពិនិត្យសមត្ថកិច្ច បានរកឃើញលោក Nhikolai លាក់ថ្នាំមេតំហ្វេតាមីន ០,២ ក្រាមក្នុងស្បែកជើង ។
លោក Nhikolai បានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ០,១ក្រាម ពីឈ្មោះ Trinh Ba Hoa អាយុ ៣៤ឆ្នាំ ក្នុងតម្លៃ ២៥០,០០០ដុង (៩,៧៧ដុល្លារ)។
លោកត្រូវបានឃាត់ខ្លួនមុន ពេលប្រើប្រាស់ថ្នាំញៀន ។ តារាម៉ូដែលកម្ពស់ ១.៩២ ម៉ែត្រទទួលបានភាពល្បីល្បាញ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Next Top Model របស់វៀតណាម កាលឆ្នាំ ២០១៣។ លោកបានដាក់រហស្សនាមថា “ព្រះបុរសកូនកាត់រុស្ស៊ី” ចាប់តាំងពីពេលនោះមក លោកបានក្លាយជាមុខមាត់ ដែលធ្លាប់ស្គាល់ក្នុងឧស្សាហកម្ម កម្សាន្តរបស់ប្រទេសវៀតណាម។
ការស៊ើបអង្កេតបន្ថែមទៀត បាននាំឲ្យអាជ្ញាធរចាប់ខ្លួន លោក Trinh Thi Hoa អាយុ ៥៦ ឆ្នាំ និងកូនប្រុស២នាក់របស់នាង រួមទាំងលោក Trinh Ba Hoa ពីបទជាប់ពាក់ព័ន្ធ ក្នុងការជួញ ដូរគ្រឿងញៀន។ លោក Hoa ទទួលបានការកាត់ទោស ឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ ៦ខែ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ រហូតដល់ទៅ ៨ ឆ្នាំ៕
