ព័ត៌មានអន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា អំពាវនាវសុំជំនួយអន្តរជាតិ និងប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន នៅក្នុងតំបន់ចំនួន៦ បន្ទាប់ពីការរញ្ជួយដី

AFP

បរទេស៖ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា របបយោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ សម្រាប់ជំនួយមនុស្សធម៌អន្តរជាតិ ហើយបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួនប្រាំមួយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេស នៅថ្ងៃសុក្រ ។

អ្នកយកព័ត៌មាន AFP បានឃើញប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing មកដល់មន្ទីរពេទ្យ ក្នុងទីក្រុង Naypyidaw កន្លែងដែលអ្នករងរបួសកំពុង ត្រូវបានព្យាបាល បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ បានវាយប្រហារភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា។

ប្រទេសមីយ៉ាន់ម៉ារាយការណ៍ ពីអ្នករងរបួសជាច្រើននាក់ បន្ទាប់ពីគ្រោះរញ្ជួយដី។ អាជ្ញាធរមីយ៉ាន់ម៉ាបាននិយាយថា មន្ទីរពេទ្យសំខាន់របស់ខ្លួនក្នុងរដ្ឋធានី Naypyidaw បានទទួលអ្នករងរបួសជាច្រើននាក់ ។ មន្ទីរពេទ្យដែលមានសមត្ថភាពគ្រែ ១.០០០ ត្រូវបានផ្ទុកលើសចំណុះ ហើយអ្នកជំងឺជាច្រើនបានទទួលការព្យាបាល នៅខាងក្រៅនៅតាមដងផ្លូវជំនួសវិញ។

រ៉យទ័របានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top