ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យមានការស្ងប់ស្ងាត់ ខណៈមន្ត្រីព្រមានពីការរញ្ជួយដី ដែលអាចកើតមានបន្ទាប់ទៀត

xinhua

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានអំពាវនាវ ឱ្យមានការស្ងប់ស្ងាត់ពីសាធារណជន ខណៈដែលមន្ត្រីព្រមាន ពីការរញ្ជួយដីដែលអាចកើតមានបន្ទាប់ ពីការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអង្រួនផ្នែកជាច្រើន នៃប្រទេសរួមទាំងទីក្រុងបាងកក នៅថ្ងៃសុក្រនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនៅភូកេត ជាកន្លែងដែលលោកស្រីបានចូលរួមសន្និសីទ ទេសចរណ៍ លោកស្រី Paetongtarn បានអំពាវនាវ ឱ្យប្រជាពលរដ្ឋរក្សាព័ត៌មានថ្មីៗ ពីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដើម្បីជៀសវាងព័ត៌មានមិនពិត និងការភ័យស្លន់ស្លោ។ លោកស្រីបានបន្ថែមថា កម្មវិធីផ្សាយរបស់រដ្ឋ NBT ត្រូវបានគេកំណត់ថា ជាបណ្តាញសម្រាប់ការធ្វើបច្ចុប្បន្នភាព ដែលបានផ្ទៀងផ្ទាត់ជាផ្លូវការ។

លោកស្រី Paetongtarn កំពុងត្រឡប់ទៅទីក្រុងបាងកកវិញនៅថ្ងៃសុក្រ ដើម្បីបន្តតាមដាន និងមើលការខុសត្រូវរបស់រដ្ឋាភិបាលចំពោះការរញ្ជួយដីនេះ។

រដ្ឋាភិបាលមិនទាន់វាយតម្លៃការខូចខាត ដោយសារការរញ្ជួយដី ដែលបានវាយលុកអគារជាច្រើន នៅតំបន់ភាគខាងជើង ភាគឦសាន និងភាគកណ្តាល នៃប្រទេសនៅឡើយទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top