ព័ត៌មានអន្តរជាតិ

USGS របស់អាមេរិក វាយតម្លៃថា ចំនួនអ្នកស្លាប់ដោយ សារគ្រោះរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា អាចឡើងដល់ ១០០.០០០នាក់

AFP

បរទេស៖ ការស្ទាបស្ទង់ភូមិសាស្ត្រ អាមេរិកព្យាករណ៍ថា នៅក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុត ការរញ្ជួយដីកម្រិត ៧.៧ រិចទ័រក្នុងប្រទេសមីយ៉ាន់ម៉ា អាចសម្លាប់មនុស្ស ១០០.០០០ នាក់ និងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស្ទាបស្ទង់ភូមិសាស្ត្រ អាមេរិក (USGS) កាលពីថ្ងៃទី ២៨ ខែមីនា បានប្រកាសពីការវាយតម្លៃបឋម នៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដោយប៉ាន់ស្មាននៃឱកាស ៣៥ភាគរយ នៃការស្លាប់ពី ១០.០០០នាក់ ដល់ ១០០.០០០ នាក់ និងឱកាស ៣៦ភាគរយ នៃអ្នកស្លាប់ ១០០.០០០ នាក់ ឬច្រើនជាងនេះ។

ការព្យាករណ៍គឺផ្អែកលើទីតាំងរបស់ចំណុចកណ្តាល ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sagaing របស់ប្រទេសមីយ៉ាន់ម៉ា និងគុណភាព នៃហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។

របាយការណ៍បាននិយាយថា “អ្នកស្រុកនៅតំបន់នេះ ជាទូទៅរស់នៅក្នុងសំណង់ ដែលងាយរងគ្រោះដោយសារការរញ្ជួយដី ទោះបីជាមានអគាររឹងខ្លះក៏ដោយ ។ រចនាសម្ព័ន្ធដែលងាយរងគ្រោះគឺជាសំណង់ ដែលសាងសង់ដោយមិនមានស្តង់ដារ និងធ្វើពីឥដ្ឋដែលមិនមាំ”។

USGS ក៏បានប៉ាន់ប្រមាណនូវឱកាស ៣៥ភាគរយ ដែលគ្រោះរញ្ជួយដីនឹងបង្កការ ខូចខាតផ្នែកសេដ្ឋកិច្ចចន្លោះពី ១០ ពាន់លានដុល្លារទៅ ១០០ ពាន់លានដុល្លារ ដែលស្មើនឹងប្រហែលមួយភាគបី នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួលៈ ណៃ តុលា

To Top