បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ដែលបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ នឹងបន្តនៅក្នុងប្រទេសថៃ រយៈពេលមួយទៅពីរសប្តាហ៍ខាងមុខ, នេះបើយោងតាមអ្នកជំនាញ ផ្នែករញ្ជួយដី។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai អ្នកជំនាញខាងវិស្វកម្មសំណង់ មកពីវិទ្យាស្ថាន បច្ចេកវិទ្យាអាស៊ី (AIT) និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវរញ្ជួយដីជាតិនៃប្រទេសថៃ បាននិយាយថា ទោះបីជាការរញ្ជួយដីត្រូវបានគេរំពឹងថា នឹងមានកម្រិតទាបជាងការ រញ្ជួយដំបូងក៏ដោយ ក៏ប្រជាជនត្រូវបានគេណែនាំឱ្យប្រុងប្រយ័ត្ន។
លោកក៏បានសង្កត់ធ្ងន់លើ តម្រូវការសម្រាប់ការវាយតម្លៃរចនាសម្ព័ន្ធ នៃអគារខ្ពស់ៗនៅពេលមានការរញ្ជួយដីដ៏ខ្លាំង។
លោកសាស្ត្រាចារ្យបណ្ឌិត Pennung បាននិយាយថា “វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រាកដថា រចនាសម្ព័ន្ធទាំងនេះ មានសុវត្ថិភាពសម្រាប់ការ រស់នៅ និងមិនមានការខូចខាត” ។ «ប្រសិនបើរកឃើញមានការខូចខាត អគារទាំងនោះមិនត្រូវប្រើទេ»៕
ប្រែប្រួលៈ ណៃ តុលា
