វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងដាក់ពន្ធ លើប្រេងរុស្ស៊ី ប្រសិនបើលោកជឿថា រុស្ស៊ីមានកំហុស ចំពោះការមិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកពិតជាខឹងខ្លាំងណាស់ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានរិះគន់ភាពជឿជាក់នៃការដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយបន្ថែមថាការអត្ថាធិប្បាយនេះ “មិនស្ថិតនៅក្នុងទីតាំងត្រឹមត្រូវ” ។
លោក ត្រាំ បានលើកឡើងថា “ប្រសិនបើរុស្ស៊ី និងខ្ញុំមិនអាចធ្វើកិច្ចព្រមព្រៀង ស្តីពីការបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែន ហើយប្រសិនបើខ្ញុំគិតថា វាជាកំហុសរបស់រុស្ស៊ី ខ្ញុំនឹងដាក់ពន្ធបន្ទាប់បន្សំលើប្រេង លើប្រេងទាំងអស់ដែលចេញពីប្រទេសរុស្ស៊ី”។ លោកបានបន្តថា “នោះគឺថាប្រសិនបើអ្នកទិញប្រេងពីរុស្ស៊ី អ្នកមិនអាចធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិកបាននោះទេ។ “វានឹងមានពន្ធ ២៥ ភាគរយលើប្រេងទាំងអស់ ដែលជាពន្ធពី ២៥ ទៅ ៥០ភាគរយលើប្រេងទាំងអស់” ។
លោក ត្រាំ បានកត់សម្គាល់ថា ពន្ធលើរុស្ស៊ី នឹងមកដល់ក្នុងខែក្រោយ ប្រសិនបើទីក្រុងម៉ូស្គូ មិនចុះហត្ថលេខាលើបទឈប់បាញ់ជាមួយអ៊ុយក្រែន។ លោក ត្រាំ បានបន្ថែមថាលោក ពូទីន ដឹងថាលោកខឹង ប៉ុន្តែលោកមាន “ទំនាក់ទំនងល្អ” ជាមួយលោក ពូទីន ហើយនឹងនិយាយទៅកាន់មេដឹកនាំរុស្ស៊ីរូបនេះ ម្តងទៀតនៅសប្តាហ៍នេះ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១៨ ខែមីនា លោក ត្រាំ និងលោក ពូទីន បានព្រមព្រៀងគ្នាថាសន្តិភាពនៅអ៊ុយក្រែន “នឹងចាប់ផ្តើមជាមួយនឹងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ” ៕
ប្រែសម្រួល ឈូក បូរ៉ា
