ព័ត៌មានអន្តរជាតិ

លោក Donald Trump និយាយថា លោកកំពុងពិចារណាវិធី ដើម្បីកាន់តំណែងសម្រាប់អាណត្តិទីបី ជាប្រធានាធិបតីថែមទៀត

Xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអាទិត្យថា “ខ្ញុំមិននិយាយលេងទេ” អំពីការព្យាយាមដើម្បីបន្តតំណែងសម្រាប់អាណត្តិទីបី ដែលជាសញ្ញាច្បាស់លាស់បំផុត ដែលលោកកំពុងពិចារណា វិធីដើម្បីបំពានលើរបាំងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងការបន្តដឹកនាំប្រទេសបន្ទាប់ពី អាណត្តិទីពីររបស់លោកបានបញ្ចប់ នៅដើមឆ្នាំ២០២៩។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទជាមួយ NBC News ពី Mar-a-Lago ដែលជាក្លឹបឯកជនរបស់លោកថា “មានវិធីសាស្រ្តដែលអ្នកអាចធ្វើវាបាន” ។

លោកបានពន្យល់លម្អិតនៅពេលក្រោយ ទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពីរដ្ឋ Florida ទៅកាន់ទីក្រុង Washington ថា “ខ្ញុំមានមនុស្សជាច្រើនសុំឱ្យខ្ញុំបន្តនៅអាណត្តិទី៣ ដែលតាមវិធីមួយគឺជាអាណត្តិទី៤ ពីព្រោះការបោះឆ្នោតផ្សេងទៀត ការបោះឆ្នោតឆ្នាំ ២០២០ គឺមិនច្បាស់លាស់ទាំងស្រុង” ។ លោក Trump បានចាញ់ការបោះឆ្នោតនោះទៅ ឱ្យអ្នកប្រជាធិបតេយ្យលោក Joe Biden ។

ទោះយ៉ាងណា លោក Trump បានបន្ថែមថា “ខ្ញុំមិនចង់និយាយអំពីអាណត្តិទីបីទេ ពីព្រោះមិនថាអ្នកមើលវាយ៉ាងណា យើងមានពេលយូរដើម្បីទៅ” ។

សូមជម្រាបថា វិសោធនកម្មលើកទី ២២ ដែលបានបន្ថែមទៅរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៥១ បន្ទាប់ពីប្រធានាធិបតី Franklin D. Roosevelt ត្រូវបានបោះឆ្នោតជ្រើសរើសបួនដងជាប់ៗគ្នានិយាយថា “គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើស ឱ្យកាន់តំណែងប្រធានាធិបតីលើសពីពីរដងទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top