បរទេស៖ ប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃច័ន្ទ បានរៀបចំពិធីបុណ្យសពសម្រាប់គ្រូពេទ្យ និងអ្នកសង្គ្រោះបន្ទាន់ចំនួន ១៥ នាក់ដែលត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែលនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីសាកសពរបស់ពួកគេ និងរថយន្តសង្គ្រោះដែលត្រូវបានបំផ្លាញ គឺត្រូវបានរកឃើញកប់នៅក្នុងផ្នូរដ៏ធំភ្លាមៗ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថា បុគ្គលិកដែលត្រូវបានសម្លាប់ និងរថយន្តរបស់ពួកគេត្រូវបានសម្គាល់យ៉ាងច្បាស់ថា ជាបុគ្គលិកពេទ្យ និងមនុស្សធម៌ ហើយបានចោទកងទ័ពអ៊ីស្រាអែលថា បានសម្លាប់ពួកគេ “ដោយគ្មានមេត្តា”។ យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនបានបើកការបាញ់ប្រហារលើរថយន្តដែលចូលទៅជិតពួកគេ «ដោយការសង្ស័យ» ដោយមិនមានអត្តសញ្ញាណ។
អ្នកស្លាប់រួមមានកម្មករអឌ្ឍចន្ទក្រហមប្រាំបីនាក់ សមាជិកប្រាំមួយនាក់នៃអង្គភាពសង្គ្រោះបន្ទាន់ការពារជនស៊ីវិលរបស់ហ្គាហ្សា និងបុគ្គលិកម្នាក់មកពី UNRWA ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន។ កាកបាទក្រហម/អឌ្ឍចន្ទក្រហមអន្តរជាតិ បាននិយាយថា វាគឺជាការវាយប្រហារដ៏សាហាវបំផុតលើបុគ្គលិករបស់ខ្លួនក្នុងរយៈពេលប្រាំបីឆ្នាំមកនេះ។
ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើមកាលពី ១៨ ខែមុន អ៊ីស្រាអែលបានសម្លាប់បុគ្គលិកការពារជនស៊ីវិលជាង ១០០ នាក់ និងបុគ្គលិកសុខាភិបាលជាង ១.០០០ នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
ប្រែសម្រួលៈ ណៃ តុលា
