ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី កោះកិច្ចប្រជុំអាស៊ានជាបន្ទាន់ ស្តីពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

AFP

គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងគ្រាអាសន្នពិសេសកាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹងការរញ្ជួយដីដ៏ខ្លាំង ដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan តាមរយៈ Video Conference កិច្ចប្រជុំនេះមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ឬតំណាងរបស់ប្រទេសនីមួយៗ។ មន្ត្រីបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនេះ ហើយបានសន្យាសាមគ្គីភាព និងការជួយដល់ប្រទេសដែលរងគ្រោះមួយនេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំរបស់ពួកគេជាមួយមីយ៉ាន់ម៉ា និងថៃ។ ពួកគេបានសង្កត់ធ្ងន់បន្ថែមទៀតថា គ្រួសារអាស៊ានមានជំហរយ៉ាងម៉ឺងម៉ាត់ជាមួយមីយ៉ាន់ម៉ា និងថៃក្នុងការឆ្ពោះទៅមុខដើម្បីដោះស្រាយផលប៉ះពាល់នៃការរញ្ជួយដី” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ពួកគេបានយល់ព្រមក្នុងការកៀងគរជំនួយមនុស្សធម៌បន្ថែមទៀត ដែលនឹងត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយនឹងព័ត៌មានថ្មីៗជាប្រចាំពីអគ្គលេខាធិការអាស៊ាន”។

ពួកគេក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃបរិយាកាសសុវត្ថិភាព និងអំណោយផលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីធានាការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះជីវិត។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងគ្រាលំបាកបែបនេះ ប្រទេសជាសមាជិកឈរក្នុងសាមគ្គីភាពជាមួយគ្នា ហើយបានតាំងចិត្តជួយគ្រួសារ និងសហគមន៍ដែលរងគ្រោះដោយគ្រោះរញ្ជួយដី និងផលប៉ះពាល់របស់វា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top