ម៉ាន់ដាឡេ៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីសប្តាហ៍មុន ដោយរដ្ឋាភិបាលបានឲ្យដឹងថាចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២០០០ នាក់ និងជាង ៣៩០០ នាក់បានរងរបួស ខណៈដែល រយៈពេល ៧២ ម៉ោងដ៏សំខាន់ដើម្បីស្វែងរកអ្នកនៅរស់ត្រូវបានបិទបញ្ចប់។
មនុស្សជាច្រើនត្រូវបានគេជឿថានៅតែជាប់នៅក្រោមគំនរបាក់បែកក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទីពីររបស់ប្រទេសនេះ នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារកាលពីរសៀលថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ចំពេលមានការខ្វះខាតគ្រឿងយន្តធុនធ្ងន់ អ្នកស្រុកបានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ដោយសម្អាតកំទេចកំទីពីផ្ទះដែលរងការខូចខាត និងអគារផ្សេងទៀតនៅក្នុងទីក្រុងដោយដៃក្រោមកំដៅ ៤០ អង្សារសេ។ ក្លិនស្អុយបានចាប់ផ្ដើមរីករាលដាលនៅផ្នែកខ្លះនៃទីក្រុង ដែលអគារបានរលំ។
គួរបញ្ជាក់ថា ដោយមានមជ្ឈមណ្ឌលជម្លៀសតិចតួច ការផ្គត់ផ្គង់ជំនួយមិនត្រូវបានចែកចាយគ្រប់គ្រាន់នៅក្នុងទីក្រុងម៉ាន់ដាឡេ នោះទេ ហើយប្រជាជនខ្វះខាតស្បៀងអាហារ និងទឹក អ្នកខ្លះអាចត្រូវបានគេឃើញដឹកទំនិញ និងវត្ថុមានតម្លៃពីហាង និងផ្ទះដែលខូចខាត៕
ប្រែសម្រួល ឈូក បូរ៉ា
