ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសថៃ ចេញមកបញ្ជាក់ពីជំនួប រវាងលោក ថាក់ស៊ីន និងនាយករដ្ឋមន្រ្តីឥណ្ឌា ក្រោយការរិះគន់ ពីឥទ្ធិពលដ៏សន្ធឹកសន្ធាប់ របស់លោកថាក់ស៊ីនក្នុងរដ្ឋាភិបាល

Bangkok Post

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Maris Sangiampongsa កាលពីថ្ងៃសៅរ៍បានបញ្ជាក់ឱ្យច្បាស់ថា ជំនួបរវាងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi គឺជារឿងផ្ទាល់ខ្លួន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បានចង្អុលបង្ហាញថា ជំនួបនេះគូសបញ្ជាក់ពីឥទ្ធិពលដ៏សន្ធឹកសន្ធាប់របស់លោកថាក់ស៊ីន លើគោលនយោបាយរបស់រដ្ឋាភិបាល ទោះបីជាលោក ថាក់ស៊ីន ខ្វះមុខតំណែងផ្លូវការក៏ដោយ។

លោក Maris បាននិយាយថា ជំនួបរវាងលោក Modi និងលោក ថាក់ស៊ីន កាលពីថ្ងៃទី ៣ ខែមេសា គឺជាការពិភាក្សាឯកជនមួយ និងមិនទាក់ទងទៅនឹង គំនិតផ្តួចផ្តើម Bay of Bengal លើកទី ៦ សម្រាប់កិច្ចប្រជុំកំពូលពហុវិស័យបច្ចេកទេស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Bimstec) ដែលធ្វើឡើងនៅទីក្រុងបាងកកកាលពីថ្ងៃសុក្រ នោះទេ ។

លោកបាននិយាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការចាប់អារម្មណ៍ ជាសាធារណៈដោយរូបថតដែលលោក Modi បង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃព្រហស្បតិ៍ ដែលគាត់ត្រូវបានគេឃើញចាប់ដៃ ជាមួយលោក ថាក់ស៊ីន។

នៅក្នុងការបង្ហោះនោះ គាត់បានសរសេរថា “វាពិតជារីករាយណាស់ដែលបានជួបលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។ លោកថាកស៊ីនមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រង និងការបង្កើតគោលនយោបាយ។ លោកគឺជាមិត្តដ៏អស្ចារ្យរបស់ឥណ្ឌា និងមានទំនាក់ទំនងដ៏កក់ក្តៅជាមួយ Atal Ji”៕
ប្រែសម្រួលៈ ណៃ តុលា

To Top