ព័ត៌មានអន្តរជាតិ

ជប៉ុន៖ ធ្លាក់ឧទ្ធម្ភាគចក្រ ដឹកអ្នកជំងឺមួយគ្រឿង ចូលក្នុងសមុទ្រ បណ្តាលឱ្យអ្នកជំងឺ និងមនុស្សពីរនាក់ផ្សេងទៀត បានស្លាប់

Yahoo News

បរទេស៖ ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា ឧទ្ធម្ភាគចក្រដឹក អ្នកជំងឺមួយគ្រឿង បានធ្លាក់ចូលទៅក្នុង សមុទ្រនៅភាគនិរតី នៃប្រទេសជប៉ុន ដោយបានបណ្តាលឱ្យអ្នកជំងឺ និងមនុស្សពីរនាក់ផ្សេងទៀត បានស្លាប់។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកបើកឧទ្ធម្ភាគចក្រ ឈ្មោះ Hiroshi Hamada អាយុ ៦៦ឆ្នាំ; Kazuto Yoshitake ជាងម៉ាស៊ីនឧទ្ធម្ភាគចក្រ និងជាគិលានុបដ្ឋាយិកាអាយុ ២៨ ឆ្នាំ Sakura Kunitake ត្រូវបានជួយសង្គ្រោះ ដោយឆ្មាំឆ្នេរសមុទ្រ បន្ទាប់ពីពួកគេត្រូវបានរកឃើញ នៅក្នុងទឹកដែល ជាប់នឹងឧបករណ៍សង្គ្រោះជីវិត ។ អ្នកទាំងបីបានទទួលរង នូវការថយចុះកម្តៅ ប៉ុន្តែបានដឹងខ្លួន។ នេះបើតាមមន្ត្រីឆ្មាំឆ្នេរសមុទ្រ បានប្រាប់សារព័ត៌មាន The Associated Press ដោយនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះស្របតាមបទប្បញ្ញត្តិ។

សាកសពលោកវេជ្ជបណ្ឌិត Kei Arakawa អាយុ ៣៤ ឆ្នាំ; Mitsuki Motoishi អាយុ ៨៦ ឆ្នាំ អ្នកជំងឺ និងអ្នកថែទាំរបស់នាង Kazuyoshi Motoishi អាយុ ៦៨ ឆ្នាំ ក្រោយមកត្រូវបានសង្គ្រោះ ដោយឧទ្ធម្ភាគចក្រ របស់កងកម្លាំង ស្វ័យការពារអាកាសជប៉ុន។

ឆ្មាំឆ្នេរបានដាក់ពង្រាយយន្តហោះពីរគ្រឿង និងកប៉ាល់ បីគ្រឿង ទៅកាន់តំបន់នោះជាផ្នែក នៃប្រតិបត្តិការជួយសង្គ្រោះ។

យោងតាមឆ្មាំឆ្នេរសមុទ្របាននិយាយថា ឧទ្ធម្ភាគចក្រកំពុងធ្វើដំណើរ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Fukuoka ពីព្រលានយន្តហោះក្នុងខេត្ត Nagasaki នៅពេលដែលវាបានធ្លាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top