បរទេស៖ នាយករដ្ឋមន្ត្រី វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងសំណង់ ពន្លឿននីតិវិធី ដើម្បីចាប់ផ្តើមការសាងសង់ គម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីភាគខាងជើង ទៅខាងត្បូងនៅចុងឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោង តាមការចេញផ្សាយ របស់រដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រី ផាម មិញជិញ ចង់ឱ្យយន្តការដេញថ្លៃ ត្រូវបានបញ្ចប់នៅក្នុងខែនេះ ដូច្នេះរដ្ឋសភាអាចពិនិត្យ ដើម្បីអនុម័តនៅខែក្រោយ ។ នេះនឹងជំរុញឱ្យកាលបរិច្ឆេទសាងសង់លឿន ជាងផែនការដើមមួយឆ្នាំ។
ផ្លូវដែក ដែលជាគម្រោងដឹកជញ្ជូនដ៏មានមហិច្ឆតាបំផុតមួយ របស់វៀតណាមក្នុងទសវត្សរ៍នេះ ត្រូវបានអនុម័ត សម្រាប់ការវិនិយោគដោយរដ្ឋសភា កាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងការចំណាយបឋមប្រហែល ៦៧ ពាន់លានដុល្លារ។
ផ្លូវប្រវែង ១.៥៤១ គីឡូម៉ែត្រ នឹង ចាប់ផ្តើមនៅទីក្រុងហាណូយ និងបញ្ចប់នៅទីក្រុងហូជីមិញ ដោយឆ្លងកាត់តំបន់ចំនួន ២០។ ផ្លូវនេះវានឹងត្រូវបានរចនាឡើង សម្រាប់ល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វារួមបញ្ចូលទាំងស្ថានីយ៍អ្នកដំណើរចំនួន ២៣ និងស្ថានីយ៍ដឹកជញ្ជូនចំនួន ៥៕
ប្រែសម្រួលៈ ណៃ តុលា
