ព័ត៌មានអន្តរជាតិ

បណ្ដាមេដឹកនាំក្នុងតំបន់ ផ្ញើសារចូលរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone

វៀងច័ន្ទ ៖ បន្ទាប់ពីមរណភាព របស់អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone កាលពីថ្ងៃទី២ ខែមេសា បណ្ដាមេដឹកនាំ មកពីប្រទេសជិតខាង បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយគោរពនូវមរតក និងការរួមចំណែករបស់លោក ចំពោះប្រទេសឡាវ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់របស់លោក។

កាលពីថ្ងៃទី៣ ខែមេសា រដ្ឋាភិបាលវៀតណាម បានប្រកាសការកាន់ទុក្ខជាតិចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមេសា ដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំឡាវ។ ក្នុងអំឡុងពេលនេះ ការិយាល័យរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងស្ថានបេសកកម្មការទូត របស់វៀតណាម នៅក្រៅប្រទេសនឹងបង្ហោះទង់ជាតិ នៅពាក់កណ្តាលអស្តុង ជាមួយនឹងក្រុមតន្ត្រីកាន់ទុក្ខ។ ការកម្សាន្តជាសាធារណៈ និងព្រឹត្តិការណ៍អបអរសាទរ នឹងត្រូវផ្អាកនៅទូទាំងប្រទេស។

នៅក្នុងនោះដែរ ចិន និងថៃ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ដោយបានសរសើរ ឧត្តមសេនីយ Khamtai Siphandone ថាជាឥស្សរជន ដែលមានការគោរពដ៏ខ្ពង់ខ្ពស់ ដែលបានលះបង់ជីវិត របស់លោក ដើម្បីការអភិវឌ្ឍន៍ប្រទេសឡាវ ។ លោកប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងពីតួនាទីសំខាន់របស់លោក Khamtai ក្នុងការជំរុញទំនាក់ទំនងចិន-ឡាវ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានយូរអង្វែង។

ដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃលោកស្រី Paethongtarn Shinawatra បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។ លោកស្រី បានទទួលស្គាល់អតីតប្រធានាធិបតីរូបនេះថា ជាតួអង្គសំខាន់មួយនៅក្នុងមូលដ្ឋានគ្រឹះ និងវឌ្ឍនភាពនៃប្រទេសឡាវទំនើប ដោយបានសរសើរការខិតខំប្រឹងប្រែង របស់លោកក្នុងការធានាស្ថិរភាព និងវិបុលភាពជាតិ។

នាយករដ្ឋមន្ត្រីលោកស្រី Paethongtarn ក៏បានរំឮកពីកាយវិការរបស់លោក Khamtai ក្នុងការស្វាគមន៍ព្រះរាជវង្សានុវង្សរបស់ប្រទេសថៃ គឺព្រះមហាក្សត្រ Bhumibol Adulyadej the Great និង ម្ចាស់ក្សត្រី Sirikit ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ ដែលបានពង្រឹងទំនាក់ទំនងទ្វេភាគី យ៉ាងសំខាន់ក្នុងរយៈពេល៧ទសវត្សរ៍ កន្លងមកនេះ។

ជាមួយគ្នានេះ ព្រះមហាក្សត្រ Maha Vajiralongkorn Phra Vajiraklaochaoyuhua នៃប្រទេសថៃ ក៏បានសម្តែងនូវទុក្ខសោកយ៉ាងជ្រាលជ្រៅ ចំពោះប្រធានាធិបតីឡាវ លោក Thongloun Sisoulith។ នៅក្នុងព្រះរាជសាររបស់ព្រះអង្គ ព្រះមហាក្សត្របានកត់សម្គាល់ថា ការដឹកនាំរបស់លោក Khamtai បាននាំមកនូវស្ថិរភាព និងវឌ្ឍនភាពដល់ប្រទេសឡាវ ជាពិសេសតាមរយៈកំណែទម្រង់សេដ្ឋកិច្ច និងសង្គម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top