ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអ្នកផលិតរថយន្តដ៏ធំ របស់អាល្លឺម៉ង់ សម្រេចចិត្តផ្អាកការដឹកជញ្ជូន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកហើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Automobilwoche បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បី Audi កំពុងបញ្ឈប់ការដឹកជញ្ជូនរថយន្តរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធថ្មីលើរថយន្ត ដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីសប្តាហ៍មុន។

វិធានការនៃការតម្លើងយកពន្ធ ២៥ភាគរយរបស់លោក Trump លើការនាំចូលរថយន្តបានចូលជាធរមាន កាលពីសប្តាហ៍មុនដែលជាផ្នែកមួយនៃចំណាត់ការ ទៅវិញទៅមក ជាបន្តបន្ទាប់ដែលបានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់។

អ្នកនាំពាក្យរបស់ Audi បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថា សំបុត្រមួយត្រូវបានផ្ញើទៅឲ្យក្រុមហ៊ុន ចែកចាយដោយណែនាំពួកគេ ឱ្យឃាត់យានយន្តទាំងអស់ ដែលបានមកដល់ក្រោយថ្ងៃទី២ ខែមេសា ហើយអ្នកចែកចាយទាំងនោះ ក៏ត្រូវបានជំរុញឱ្យផ្តោតលើការកាត់បន្ថយ សារពើភ័ណ្ឌដែលមានស្រាប់ផងដែរ។

អ្នកនាំពាក្យដដែលរូបនេះក៏បាននិយាយដែរថា បច្ចុប្បន្ន Audi មានរថយន្តជាង៣៧,០០០ គ្រឿងនៅក្នុងស្តុកស្រាប់នៅក្នុងប្រទេសអាមេរិក ដែលមិនត្រូវបានប៉ះពាល់ដោយពន្ធថ្មីឡើយ ហើយអាចលក់បាន ដោយបន្ថែមថា សារពើភ័ណ្ឌនេះគួរតែមានរយៈពេលប្រហែល ២ខែទៀតប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាក្រុមហ៊ុន​មិន​ដំណើរការ​ រោងចក្រ​ផលិត​របស់​ខ្លួនដោយផ្ទាល់​នៅ​អាមេរិក​ទេ ហើយ​ដោយការនាំ​ចូល​រថយន្ត​ទាំងអស់ ​របស់​ខ្លួនប៉ុណ្ណោះ។ ចំណែកឯម៉ូដេលដែលលក់ដាច់បំផុត នៅសហរដ្ឋអាមេរិកគឺ Q5 ត្រូវបានផលិតនៅរោងចក្ររបស់ Audi ក្នុងប្រទេសម៉ិកស៊ិក ខណៈដែលម៉ូដែលផ្សេងទៀតមានប្រភពមកពី រោងចក្រនៅប្រទេសអាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី៕

ប្រែសម្រួល៖ ស៊ុន លី

To Top