បរទេស៖ អ៊ុយក្រែន កាលពីថ្ងៃពុធ បានពង្រីកការអះអាង របស់ខ្លួនថា ជនជាតិចិនមួយចំនួនធំ កំពុងប្រយុទ្ធ ដើម្បីកងទ័ពឈ្លានពាន របស់រុស្ស៊ីដោយនិយាយថា ខ្លួនបានប្រមូលផ្តុំការ ស៊ើបការណ៍លម្អិតលើទាហានស៊ីឈ្នួលជាង ១៥០ នាក់ដែលទីក្រុងម៉ូស្គូត្រូវបានចោទប្រកាន់ថា បានជ្រើសរើសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នៅក្នុងប្រទេសចិន ក្រុមមន្ត្រីបានហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាំងស្រុង”។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចោទប្រកាន់របស់អ៊ុយក្រែន និងការបដិសេធរបស់ចិន បានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិកខិតខំដើម្បីធានាបានបទឈប់បាញ់នៅក្នុងសង្គ្រាមជាងបីឆ្នាំនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន បានចាប់ខ្លួនបុរសជនជាតិចិនពីរនាក់ ដែលកំពុងប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។ នេះជាលើកទីមួយហើយ ដែលអ៊ុយក្រែនបានអះអាងបែបនេះអំពីយុទ្ធជនចិនក្នុងសង្រ្គាម។
កាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា លោកមានឆន្ទៈក្នុងការដោះដូរ អ្នកទោសសង្គ្រាមពីរនាក់សម្រាប់ទាហានអ៊ុយក្រែន ដែលត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ។ ដោយមិនផ្តល់ភស្តុតាង លោក Zelenskyy បាននិយាយថា មន្ត្រីនៅទីក្រុងប៉េកាំង បានដឹងអំពីយុទ្ធនាការរបស់រុស្ស៊ី ក្នុងការជ្រើសរើសទាហានស៊ីឈ្នួលចិន។ លោកថា រដ្ឋាភិបាលចិនអនុញ្ញាតឲ្យមានការ ចូលរួមរបស់ទាហានស៊ីឈ្នួលនៅអ៊ុយក្រែន។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមាននាមត្រកូល និងទិន្នន័យលិខិតឆ្លងដែន សម្រាប់ពលរដ្ឋចិនចំនួន ១៥៥ នាក់ដែលកំពុងប្រយុទ្ធ ដើម្បីកង ទ័ពរុស្ស៊ី ហើយថា “យើងជឿថា មានពួកគេជាច្រើនទៀត” ។ លោកបានចែករំលែកជាមួយអ្នក សារព័ត៌មាននូវឯកសារដែលរាយឈ្មោះ លេខលិខិតឆ្លងដែន និងព័ត៌មានលម្អិតផ្ទាល់ខ្លួន របស់អ្នកជ្រើសរើសជនជាតិចិនដែលត្រូវបានចោទប្រកាន់ រួមទាំងពេលដែលពួកគេបានទៅដ ល់ប្រទេសរុស្ស៊ី សម្រាប់ការហ្វឹកហ្វឺនយោធា និងបានចាកចេញទៅបម្រើ។ សារព័ត៌មាន AP មិនបានផ្ទៀងផ្ទាត់ឯកសារដោយឯករាជ្យទេ៕
