បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជនដែលសង្ស័យជាអ្នករៀបចំផែនការសំខាន់ក្នុងការវាយប្រហារភេរវកម្មក្រុងបុមបៃឆ្នាំ ២០០៨ ត្រូវបានធ្វើបត្យាប័នទៅឥណ្ឌា ពីប្រទេសអាមេរិកហើយ។
បុរសដែលត្រូវបានគេស្គាល់ឈ្មោះថាTahawwur Hussain Rana ដែលមានដើមកំណើតប៉ាគីស្ថាន និងមានសញ្ជាតិកាណាដា និងអាមេរិក បានបញ្ជូនមកដល់ទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍។
លោកRana ត្រូវបានចាប់ខ្លួន ជាផ្លូវការដោយទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA) នៅពេលគាត់មកដល់រដ្ឋធានីឥណ្ឌាហើយតាមផែនការ គាត់នឹងត្រូវកាត់ទោស នៅក្នុងតុលាការ NIA ពិសេសសម្រាប់តួនាទីដែលត្រូវបានចោទប្រកាន់របស់គាត់នៅក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងបុមបៃ ដែលបានសម្លាប់មនុស្សជាង១៦៦នាក់ កាលពីថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០០៨។
របាយការណ៍បាននិយាយថា បុរសអាយុ៦៤ឆ្នាំទំនងជាត្រូវបានបង្ហាញនៅចំពោះមុខតុលាការ Patiala House ក្នុងទីក្រុង Delhi ដែលជាកន្លែងចៅក្រម NIA ពិសេសនឹងធ្វើជាប្រធាន លើករណីនេះ។
លោកRana កើតនៅខេត្ត Punjab ប្រទេសប៉ាគីស្ថានធ្លាប់បម្រើការងារជា គ្រូពេទ្យម្នាក់ គាត់បានបម្រើការនៅក្នុងអង្គភាពវេជ្ជសាស្ត្រកងទ័ពប៉ាគីស្ថាន មុនពេលធ្វើចំណាកស្រុកទៅកាន់ប្រទេសកាណាដាជាមួយនឹងភរិយារបស់គាត់ ហើយក៏បន្តធ្វើជាគ្រូពេទ្យផងដែរនៅក្នុងឆ្នាំ ១៩៩៧។
ពួកគេបានទទួលសញ្ជាតិកាណាដាក្នុងឆ្នាំ២០០១ហើយលោក Rana តាំងទីលំនៅភាគច្រើននៅទីក្រុងឈីកាហ្គោ ក្នុងនាមជាម្ចាស់អាជីវកម្មជាច្រើន រួមទាំងភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
