ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងបែងចែកថវិកាចំនួន ៨,៤ ទ្រីលានរូប្លែ (ប្រហែល ១០០,៥ ពាន់លានដុល្លារអាមេរិក) ដើម្បីធ្វើឱ្យប្រសើរឡើងនូវកងទ័ពជើងទឹករបស់ខ្លួននៅក្នុងទសវត្សរ៍ក្រោយ។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយស្តីពីការអភិវឌ្ឍន៍កងនាវាចររុស្ស៊ីថា ការផ្លាស់ប្តូរស្ថានភាពពិភពលោក ការប្រឈមមុខនឹងការគំរាមកំហែងដែនសមុទ្រ និងការជឿនលឿនខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័សទាមទារឱ្យមានការបង្កើត “រូបភាពថ្មី សម្រាប់កងទ័ពជើងទឹក” ។
ចំណែកនៃសព្វាវុធ និងបរិក្ខាទំនើបៗនៅក្នុងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹករុស្ស៊ីមានកម្រិត ១០០ ភាគរយ លោក ពូទីន បានលើកឡើងថា “តួលេខនេះត្រូវតែរក្សាបាននាពេលអនាគត” ។
លោកប្រធានាធិបតីបានបន្ថែមថា កងទ័ពជើងទឹកបានដើរតួយ៉ាងសំខាន់ក្នុងការធានាការការពារ និងសន្តិសុខរបស់ប្រទេស និងការពារផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងមហាសមុទ្រពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
