តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសាខាងមុខ នេះជាដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinping នៅប្រទេសកម្ពុជាម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៩ឆ្នាំ ។ ក្នុងអំឡុងពេល ដំណើរទស្សនកិច្ច ភាគីទាំងពីរចិននិងកម្ពុជា នឹងផ្លាស់ប្តូរមតិយោបល់ ដោយ ស៊ីជម្រៅលើវិស័យធំៗចំនួន៥ គឺការកសាងទំនុកចិត្តខាង នយោបាយចំពោះគ្នា កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធានាសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហការខាងយុទ្ធសាស្ត្រ ។

ប្រទេសទាំងពីរចិននិងកម្ពុជា មានចំណងមិត្តភាពដ៏យូរលង់ណាស់មកហើយ ។ តាំងពីបានបង្កើតទំនាក់ទំនងការ ទូតជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៥៨មក ចំណងមេត្រីភាពប្រពៃណី ដែលរួមគ្នាពូនជ្រំនិងបណ្តុះបំប៉ន ដោយថ្នាក់ដឹកនាំជំនាន់ចាស់ នៃប្រទេសទាំងពីរ ឆ្លងកាត់ពេលវេលា រឹតតែយូររឹតតែរឹងមាំ ហើយបានក្លាយជាគំរូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ មិនថាស្ថានភាពអន្តរជាតិ និងតំបន់មានបម្រែបម្រួលយ៉ាង ណាក៏ដោយ ជានិច្ចកាល ភាគីទាំងពីរចិននិងកម្ពុជាតែងតែរក្សាទំនុកចិត្តកម្រិតខ្ពស់ គោរពរាប់អានគ្នាប្រក បដោយសមភាព ក៏ដូចជាផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងរយៈពេលជាយូរមកហើយ ប្រទេសចិន បានផ្តល់ផលប្រយោជន៍ ជាក់ស្តែងជាច្រើនដល់កម្ពុជា បានរួមចំណែកដ៏សំខាន់ ក្នុងកិច្ចកសាង ហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ដូចជាផ្លូវថ្នល់និងស្ពានជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រ យ៉ាងមុតមាំដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ហើយគ្មានអមល័ក្ខខ័ណ្ឌណាមួយឡើយ ។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបានចូលរួមនិងអនុវត្តមុនគេបង្អស់នូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គម្រោងរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសនិងស្ថាប័នអន្តរជាតិចំនួនជាង២រយ ដែលបានបង្កើតឱកាសការងារចំនួន៣ម៉ឺន២ពាន់កន្លែង។ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់ប្រទេសកម្ពុជាបានបង្រួញពេលធ្វើដំណើរពី៥ម៉ោងនៅកាលពីមុន មកនៅត្រឹមតែមិនដល់២ម៉ោង ។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរបានជំរុញ មុខរបរទេសចរណ៍កើនឡើងយ៉ាងឆាប់រហ័ស គិតរហូតដល់ចុងឆ្នាំមុន បានបើកខ្សែហោះហើរចំនួន១៧ខ្សែទៅកាន់ប្រទេសចំនួន៨ ។ ប្រជាជនកម្ពុជាយល់ឃើញជាទូទៅថា គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”បានរួមចំណែកយ៉ាងខ្លាំងដល់ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ហើយនឹងជួយកម្ពុជាឱ្យ សម្រេចបាន នូវគោល ដៅដ៏មហិមារបស់ខ្លួន ពោលគឺដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាង យុទ្ធសាស្ត្រ រវាងចិននិងកម្ពុជា មានភាពកាន់តែស៊ីជម្រៅថែមទៀត ក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការត្បូង ពេជ្រចិននិងកម្ពុជាមានខ្លឹមសារកាន់តែពេញលេញ ការកសាងរបៀងអភិវឌ្ឍន៍ ឧស្សាហកម្មនិងរបៀងត្រី និងអង្ករទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការ ក្នុងគ្រប់វិស័យទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភ ដែលបានផ្តល់ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកដល់ការរក្សាសន្តិភាពនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិ មានភាពស្មុគស្មាញ និងភាពរង្គោះរង្គើ បម្រែបម្រួលនិម្មាបនកម្ម ដែលពុំធ្លាប់មានក្នុង រយៈពេល១រយឆ្នាំមានភាពកាន់តែខ្លាំងឡើងៗ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ច របស់អ្នកដឹកនាំកំពូលរបស់ចិន នឹងបំពេញបន្ថែមខ្លឹមសារ ក្នុងយុគសម័យថ្មីដល់កិច្ចកសាង សហគមន៍រួមវាសនារវាងចិននិងកម្ពុជា នឹងចារទំព័រប្រវតិ្ត សាស្ត្រថី្មនៃទំនាក់ទំនងទ្វេភាគី ហើយក៏នឹងនាំមកនូវ សុខសុភមង្គល កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ ៕
