ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Trần Thanh Mẫn ប្រធានរដ្ឋសភាវៀតណាម

នៅយប់ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Trần Thanh Mẫn ប្រធានរដ្ឋសភាវៀតណាម នៅទីស្នាក់ការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿង របស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ហើយវៀតណាមជិតក៏នឹងបើកសករាជថ្មី នៃការអភិវឌ្ឍប្រទេសជាតិ ពោលគឺភាគីទាំងពីរសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះ នៃការអភិវឌ្ឍនិងស្តារឡើងវិញរៀងៗខ្លួន។

ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិ ដែលមានភាពស្មុគស្មាញនិងរង្គោះរង្គើ ចិននិងវៀតណាមគួរមានជំនឿចិត្តលើមាគ៌ារបស់ខ្លួន និងជំនឿចិត្តយ៉ាងមុតមាំចំពោះប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាង សហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ចាប់ដៃគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម ដើម្បីបំពេញបន្ថែមស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើនដល់ពិភពលោក។

ជាការឆ្លើយតប លោកTrần Thanh Mẫnបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាធិការបក្សកុម្មុយនីស្តចិន Xi Jinping បានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងប្រជាជនចិនចំពោះទំនាក់ទំនងវៀតណាម-ចិន។
អគ្គលេខាធិការបក្សទាំងពីរបាន ផ្តល់ការណែនាំជាយុទ្ធសាស្ត្រសំខាន់ៗអំពី ការជំរុញកិច្ចកសាងសហគមន៍រួមវាសនាវៀតណាម-ចិន ដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ដែលនឹងជំរុញទំនាក់ទំនងវៀតណាម-ចិន ឱ្យបើកទំព័រថ្មី ៕

To Top