បរទេស៖ ឆ្មាំពន្ធនាគារញូវយ៉កចំនួន ១០ នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការវាយដំអ្នកទោសអាយុ ២២ ឆ្នាំម្នាក់ កាលពីខែមុន រួមទាំងការចោទប្រកាន់ពីរនាក់ពីបទមនុស្សឃាត។ វាជាលើកទីពីរហើយដែលក្រុមមន្ត្រីផ្នែកអប់រំកែប្រែក្នុងរដ្ឋ ត្រូវបានចោទប្រកាន់ពីបទសម្លាប់ នៅពីក្រោយគុកនៅឆ្នាំនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Messiah Nantwi ដែលជាអ្នកទោសនៅមណ្ឌលកែប្រែពាក់កណ្តាលរដ្ឋ បានស្លាប់កាលពីថ្ងៃទី ១ ខែមីនា ដោយសាររបួសដោយការវាយដំជាបន្តបន្ទាប់ដោយឆ្មាំគុក ដែលបានចាប់ផ្តើមនៅក្នុងបន្ទប់របស់គាត់ ហើយបានបន្តវាយសូម្បីតែគាត់កំពុងដេកពេលជាប់ខ្នោះនៅលើឥដ្ឋនៃគិលានដ្ឋាន។
មន្ត្រីចំនួនប្រាំមួយនាក់ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ត្រូវបានចោទប្រកាន់ពីបទវាយដំ Nantwi ខណៈដែលបួននាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការបិទបាំងដែលរួមបញ្ចូលការរាយការណ៍មិនពិត រៀបចំផែនការដាក់កាំបិតបណ្ដោះអាសន្ន និងសម្អាតឈាមនៅក្នុងបន្ទប់របស់ Nantwi ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបំផ្លាញភស្តុតាង។
ការស្លាប់របស់ Nantwi បានកើតឡើងជាច្រើនខែបន្ទាប់ពីលោក Robert Brooks ត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់នៅឯកន្លែងកែប្រែ Marcy នៅតាមផ្លូវពីពន្ធនាគារពាក់កណ្តាលរដ្ឋ។ ឆ្មាំគុកប្រាំមួយនាក់បានសារភាពថា មិនមានកំហុសចំពោះការចោទប្រកាន់ពីបទមនុស្សឃាតនៅក្នុងការស្លាប់របស់ Brooks ហើយបុគ្គលិកពន្ធនាគារផ្សេងទៀតត្រូវបានចោទប្រកាន់៕
ប្រែសម្រួលៈ ណៃ តុលា
