ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការចាប់ផ្តើមដ៏ល្អ ប្រសើរបង្ហាញពី ភាពធន់និងទីបង្អែក នៃសេដ្ឋកិច្ចរបស់ចិន

នៅថ្ងៃទី ១៦ ខែមេសា តាមទិន្នន័យ ដែលចេញផ្សាយ ដោយរដ្ឋបាលជាតិ ស្ថិតិចិនបានបង្ហាញថា តាមការគណនា និងផ្ទៀងផ្ទាត់ ជាបឋម ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រចាំត្រីមាសទីមួយនៃឆ្នាំនេះមានចំនួន ៣១,៨៧៥៨ ទ្រីលានយាន់ប្រាក់ចិន បើគណនា តាមតម្លៃមិនប្រែប្រួល គឺបានកើនឡើង ៥,៤ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូច គ្នា នៃឆ្នាំ ២០២៤ ។ និយាយជារួម នៅត្រីមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ។

តើត្រូវវាយតម្លៃយ៉ាងណា ចំពោះកំណើនសេដ្ឋកិច្ច ៥,៤ ភាគរយ ? ចាប់តាំងពីចូលឆ្នាំនេះមក សហរដ្ឋអាមេរិកបានដំឡើង ពន្ធគយជាច្រើនជុំលើដៃ គូពាណិជ្ជកម្មដែលបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ សមិទ្ធផលបែបនេះគឺ សម្រេចបានក្នុងបរិបទបែបនេះ ដែលបានមកដោយមិនងាយទេ ។

បើមើលយ៉ាងល្អិតល្អន់ ពីរបាយការណ៍ស្តីពីសេដ្ឋកិច្ចចិនប្រចាំត្រីមាសទី១ឆ្នាំនេះអាចឃើញថា វាមានលក្ខណៈពិសេស យ៉ាងច្បាស់លាស់មួយគឺ “មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចមានភាពរឹងមាំ។” ។ ចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំនេះមក សន្ទស្សន៍នៃតម្រូវការផ្នែក ផលិតកម្មសំខាន់ៗបានពន្លឿនការស្តារឡើងវិញ តម្លៃបន្ថែមខាងឧស្សាហកម្ម ទាំងអស់បានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយតម្លៃបន្ថែម នៃមុខ របរសេវាកម្មបានកើនឡើង ៥,៣ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុននិង ការវិនិយោគ លើអចលនាទ្រព្យបានកើនឡើង៤,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ លើសពីនេះទៅទៀត សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្មនៅខែមីនាបានកើនឡើងក្នុងរយៈពេលពីរខែជាប់ៗគ្នា ប្រការនេះបង្ហាញថា ការរំពឹងទុករបស់ទីផ្សារត្រូវបានកែលម្អជាបន្តបន្ទាប់ ។
ឈរលើមូលដ្ឋានប្រកបដោយស្ថិរភាព កម្លាំងចលករក៏កាន់តែ”គ្រប់គ្រាន់”ដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានធ្វើបរិវត្តកម្មប្រែពីការពឹងផ្អែកទៅលើការជំរុញដោយការវិនិយោគនិងការនាំចេញទៅជាការជំរុញរួមគ្នាដោយតម្រូវការក្នុងស្រុកនិងការច្នៃប្រឌិតថ្មី ។ បើមើលពីតម្រូវការក្នុងស្រុកអាចឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ទំហំសរុប នៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៦ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ដែលលឿនជាង ១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ហើយកំពុងកើនឡើងវិញ ពីមួយខែទៅមួយខែ ។

បើមើលពីការ ច្នៃប្រឌិតថ្មីអាច ឃើញថា ក្នុងត្រីមាសទី មួយនៃឆ្នាំនេះ តម្លៃបន្ថែមនៃផលិតកម្មកម្មន្ដ សាលបច្ចេកវិទ្យា ខ្ពស់របស់ចិនបានកើនឡើង ៩,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលខ្ពស់ ជាងល្បឿនកំណើននៃតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចំនួន ៣,២ ភាគរយ ប្រការនេះបង្ហាញថា តួនាទីនាំមុខនៃការច្នៃប្រឌិតថ្មីមានសភាពកាន់តែខ្លាំងឡើងៗ ហើយកម្លាំងចលករថ្មីបានពន្លឿនការពូនជ្រំនិងការអភិវឌ្ឍ ។
ខណៈដែលខិត ខំតស៊ូឆ្ពោះ ទៅមុខក្នុងកាលៈទេសៈដ៏ស្មុគ្រស្មាញ ប្រទេសចិនបានអនុវត្តវិធានការ ជាក់ស្តែងជា ច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ។ ចាប់ពីឆ្នាំ ២០២៤ មក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន បានដាក់ចេញគោល នយោបាយជំរុញ កំណើន មួយចំនួន ហើយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើកាលពីឆ្នាំមុន បានតម្រូវឱ្យគោលនយោបាយម៉ាក្រូកាន់តែវិជ្ជមាននិងកាន់តែមានប្រសិទ្ធភាព ។

មូលដ្ឋានគ្រឹះមានភាពរឹងមាំ កម្លាំងចលករគ្រប់គ្រាន់និងវិធានការជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញ ថែមទាំងបានបន្តពង្រីក ការបើកទូលាយនិងពង្រីក”រង្វង់មិត្តភក្ដិ”នៃវិស័យពាណិជ្ជកម្ម ហេតុនេះហើយបាន ជាកម្លាំងទាក់ទាញនៃសេដ្ឋកិច្ចចិន ក៏កាន់តែខ្លាំងឡើងៗ ដែរ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ ចិនអន្តរជាតិលើកទី ៥ និងពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៧ បានប្រារព្ធធ្វើនៅប្រទេសចិនដែលជាសក្សីនៃភាពបន្ស៊ីគ្នានៃការរីកចម្រើនរបស់ចិននិងពិភពលោក ។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅ មានសភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្ម កំពុងកើនឡើង ។ ការដំឡើងពន្ធគយខ្ពស់របស់អាមេរិក ចំពោះប្រទេសចិននឹងនាំមកនូវសម្ពាធយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចចិន ក្នុងរយៈពេលដ៏ខ្លីខាងមុខ តែវាមិនអាចកែប្រែនិន្នាការទូទៅ នៃការទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូររបស់សេដ្ឋកិច្ចចិនបានឡើយ ។ ទន្ទឹមនឹងបានអនុវត្តគោល នយោបាយម៉ាក្រូកាន់ តែវិជ្ជមាននិងកាន់ តែមានប្រសិទ្ធភាព ប្រទេសចិនមានទីបង្អែក មានជំនឿចិត្តនិងមានសមត្ថភាព ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមខាងក្រៅ និងសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ដែលកំណត់ជាស្រេច៕

To Top