ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរី បង្ហាញពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ចំពេលមានភាពតានតឹងជាសកល

xinhua

សិង្ហបុរី៖ ក្នុងគ្រាដែលពិភពលោកកំពុងបែកបាក់ និងចលាចលកាន់តែខ្លាំងឡើង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានស្នើសុំការជំរុញសំខាន់ៗចំនួនបី ដើម្បីពង្រឹងភាពជាដៃគូក្នុងតំបន់ និងពិភពលោក។

លោក Wong បានឲ្យដឹងថា ការជំរុញដំបូងគឺ “ចូលរួមចំណែកយ៉ាងសកម្ម ចំពោះការគ្រប់គ្រងរបស់មនុស្សទូទៅ” ខណៈពេលដែលរក្សាការផ្តោតអារម្មណ៍របស់ខ្លួនលើអាស៊ីអាគ្នេយ៍ នឹងរៀបចំធនធានបន្ថែមទៀត សម្រាប់ដៃគូបន្ថែមទៀត រួមទាំងនៅអាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកឡាទីន ប៉ាស៊ីហ្វិក និងការីបៀន។

ការជំរុញទីពីរ គឺដើម្បី “ការឯកភាពស្អិតរមួតក្នុងតំបន់ និងសមាហរណកម្មកាន់តែស៊ីជម្រៅ”។  ដោយកត់សម្គាល់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែជាចំណុច “កណ្តាលនៃគោលនយោបាយការបរទេសរបស់សិង្ហបុរី” ក្នុងនោះលោក បានអំពាវនាវឱ្យលុបបំបាត់ពន្ធ ១០០ ភាគរយនៅទូទាំងតំបន់ កាត់បន្ថយរបាំងមិនមែនពន្ធបន្ថែម និងបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។

លោកក៏បានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានជាមួយដៃគូសំខាន់ៗដូចជាប្រទេសចិន ឥណ្ឌា និងកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការជំរុញទីបី គឺការពង្រឹងបណ្តាញភាពជាដៃគូសកលរបស់សិង្ហបុរី។ លោកបានតស៊ូមតិសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងសហភាពអឺរ៉ុប ខណៈពេលដែលក៏ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបផងដែរ។

លោកបានលើកឡើងថា ក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច សិង្ហបុរី ស្វែងរកការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេស ដែលមានគំនិតដូចគ្នា និងបង្កើតទំនាក់ទំនងថ្មីនៅក្នុងតំបន់ដូចជាមជ្ឈិមបូព៌ា អាហ្រ្វិក និងអាមេរិកឡាទីន ដូច្នេះហើយ សិង្ហបុរីគ្រោង នឹងបើកបេសកកម្មការទូតថ្មីនៅទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន ក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top