ព័ត៌មានអន្តរជាតិ

បទឈប់បាញ់ ស្ថិតក្នុងភាពមិនប្រាកដប្រជា ចំពេលដែលអ៊ុយក្រែន បន្តការវាយប្រហារ លើរោងចក្រថាមពលរុស្ស៊ី

AFP

មូស្គូ៖ បទឈប់បាញ់ក្នុងប្រទេស អ៊ុយក្រែន នាពេលថ្មីៗនេះ គឺមិនប្រាកដប្រជាទេ ដោយសារតែការបន្តវាយ ប្រហាររបស់ប្រទេសនេះ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរុស្ស៊ី នេះបើតាមតំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំ នៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya។

លោក Nebenzya ត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថា “យើងមានការប៉ុនប៉ងមួយ នៅបទឈប់បាញ់ ដែលមានកម្រិតលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមិនត្រូវបានគេសង្កេតឃើញដោយភាគីអ៊ុយក្រែន។ នៅក្នុងកាលៈទេសៈទាំងនេះ ការនិយាយអំពីបទឈប់បាញ់ គឺមិនប្រាកដប្រជានោះទេ ក្នុងដំណាក់កាលនេះ” ។

កាលពីថ្ងៃទី១៨ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សំណើមួយសម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការបដិសេធទៅវិញទៅមក ពីការធ្វើការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល ៣០ថ្ងៃ។  ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លើយតបជាវិជ្ជមាន និងបានណែនាំយោធារុស្ស៊ី ឱ្យធ្វើតាមសំណើនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូលូឌីមៀ ហ្សេឡិនស្គី ក្រោយមកបានចង្អុលបង្ហាញថា អ៊ុយក្រែនក៏នឹងគាំទ្រសំណើ ដើម្បីបញ្ឈប់ការវាយប្រហារលើទីតាំងបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបាននិយាយថា ចាប់ពីថ្ងៃទី១៨ ខែមីនាដល់ថ្ងៃទី១៦ ខែមេសា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ចំនួន ១៥ របស់រុស្ស៊ី រួមមានទីក្រុង Belgorod, Bryansk, Voronezh និងតំបន់ផ្សេងទៀត។ 

ការវាយប្រហារទាំងនេះពាក់ព័ន្ធនឹង យន្តហោះគ្មានមនុស្សបើក រួមទាំងវ៉ារ្យ៉ង់ FPV និងប្រព័ន្ធកាំភ្លើងធំជាច្រើនដូចជា ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ ច្រើនប្រភេទ HIMARS ជាដើម នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងមុននេះថា អ៊ុយក្រែន បានព្រងើយកន្តើយ ចំពោះការផ្អាកនេះ ចាប់តាំងពីការប្រកាស របស់ខ្លួន ហើយការប៉ុនប៉ងវាយលុករោងចក្រថាមពលរបស់រុស្ស៊ី បានបន្តឥតឈប់ឈរ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top